លោក កឹម សុខា ច្រានចោល​សម្តី​លោក ហែម សុជាតិ

ភ្នំពេញ ​៖ ​បន្ទាប់ពី​មានការ​លើកឡើងថា​ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ជាមួយ​លោក ហែម សុជាតិ និង​ថែមទាំង​ប្រកាស​ស្នើ​​ចង់​ឲ្យ​តុលាការ​ដោះលែង​នៅ​ក្រៅ​ឃុំ ដើម្បី​មានឱកាស​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ ពេលនេះ​ត្រូវ​បាន​ច្រានចោល​ទាំងស្រុង។

យោង​តាម​ការលើកឡើង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កលោក កឹម សុខា ដែល​កំពុង​គ្រប់គ្រង​ដោយ​កូនស្រី​កញ្ញា កឹម មនោ​វិទ្យា បាន​សរសេរ​នៅ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៨ ថា ​សូមបញ្ជាក់ថា​លោក ហែម សុជាតិ ពុំបាន​ជួប​ជាមួយ​លោក កឹម សុខា ដូចដែល​បាន​ចុះផ្សាយ​ឡើយ ហើយ​សម្តី​របស់លោក ហែម សុជាតិ គឺជា​មតិ​ផ្ទាល់ខ្លួន​របស់​លោក​។​អាស្រ័យហេតុនេះ​សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ​និង​កុំ​មានការ​យល់ច្រឡំ។

ដោយឡែក​លោក មុត ចន្ថា អតីត​នាយក​ខុទ្ទកាល័យ​លោក កឹម សុខា ក៏បាន​ចេញមុខ​អះអាង​ថាបើ​មិន​ពិត​ទេ កុំ​ប្រឌិត​រឿង! សូម​បំពេញ​វិជ្ជាជីវៈ​ស្របតាម​ក្រមសីលធម៌​អោយ​បាន​ត្រឹមត្រូវ គឺជា​ការ​ប្រសើរ​បំផុត។

សូមបញ្ជាក់ថា ​លោក គឹម សុខា កំពុងស្ថិត​ក្នុង​មន្ទីរឃុំឃាំង​នៅឯ​ពន្ធនាគារ ម “៣” ត្រពាំង​ផ្លុ​ង ក្នុង​សំណុំរឿង​ឃុបឃិត​ជាមួយ​បរទេស ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់។ គេ​ចាំបាន​ថា​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៨ បាន​ផ្សាយ​ថា​ សហ​មេធាវី​របស់លោក កឹម សុខា គឺ​លោក ហែម សុជាតិ និយាយថា ក្រុម​មេធាវី​បាន​ទៅ​ជួប​សួរសុខទុក្ខ​លោក កឹម សុខា កាលពី​ថ្ងៃទី​៤​ខែមេសា​ហើយ​នៅក្នុង​ជំនួប​នោះ​លោក កឹម សុខា បានស្នើ​ជាថ្មី​ម្ដងទៀត​ចង់​ឲ្យ​តុលាការ​ដោះលែង​រូបលោក​នៅក្រៅ​ឃុំ​ដើម្បី​ទៅ​ព្យាបាល​ជំងឺ​នៅក្រៅ​ប្រទេស​និង​ដើម្បី​មានឱកាស​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​ព្រោះ​ជម្លោះ​នយោបាយ​នាពេល​បច្ចុប្បន្ននេះ គ្មាន​ជម្រើស​អ្វី​ល្អ​ជាង​ការចរចា រវាង​ខ្មែរ និង​ខ្មែរ​ឡើយ​។​

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់បាន​ថ្លែងថា​ទោះបីជា​ក្រុម​ណាក៏ដោយ ឱ្យតែ​ស្ថិតនៅក្នុង​ក្រុម​ក្បត់ជាតិ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​មិនអាច​ចរចា​ដូចគ្នា​។ ក្រុម សម រង្ស៊ី និង​ក្រុម កឹម សុខា គឺជា​ក្រុម​ក្បត់ជាតិ​ដូចគ្នា។

លោក​បញ្ជាក់ទៀតថា ការចរចា​នៅពេលនេះ គឺ​ហួសពេល​ហើយ ដូចដែល​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​កន្លងមក​ថា អតីត​បក្សប្រឆាំង​បាន​ដើរ​ហួស​គំនូស​ក្រហម៕

អត្ថបទទាក់ទង