លោក សុះ ម៉ាច នាំយក​អំណោយ​សមាគម​សិល្បករ​ខ្មែរ​ជូន​លោកយាយ សួន សំអឿន

Spread the love

​ភ្នំពេញ​ ៖ ​តារាចម្រៀង​លោក សុះ ម៉ាច ថ្មីៗ​នេះ ​បាន​នាំ​យក​អំណោយ​របស់​សមាគម​សិល្បករ​ខ្មែរ​ទៅ​ឧបត្ថម្ភ​ជួយ​ដល់​លោកយាយ សួន សំអឿន បន្ទាប់ពី​តារា​កំប្លែង​រូបនេះ ​បាន​ធ្លាក់ខ្លួន​ឈឺ​បាត់បង់​សមត្ថភាព​សិល្បៈ​ស្ទើរតែ​ទាំងស្រុង​។​

​ប្រភពពី​សមាគម​សិល្បករ​ខ្មែរ​បាន​ឲ្យ​ដឹងថា ​លោក សុះ ម៉ាច អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​និង​ជា​តំណាង​សមាគម​សិល្បករ​ខ្មែរ បាន​នាំយក​ថវិការ​មូលនិធិ​សិល្បករ​ចាស់ជរា និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន និង​ជា​រៀងរាល់ខែ​ដល់​សិល្បករ​លោកយាយ សួន សំអឿន ដែល​គាត់​មាន​ជំងឺ​បេះដូង​ប្រចាំកាយ មានការ​ពិបាក​ខ្លាំង​ពេលធ្វើ​ទុក​ម្តងៗ​។

ប្រភព​បាន​បន្តថា​ សមាគម​សិល្បករ​ខ្មែរ សូម​គោរព​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ទាំងអស់​ដែល​បាន​ជួយឧបត្ថម្ភ​ដល់ «​មូលនិធិ​សិល្បករ​ចាស់ជរា​» ជាពិសេស​សូម​គោរព​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ដែល​បាន​ឧបត្ថម្ភ​ថវិកា ៥​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ​ក្នុង​រយ​:​ពេល​៥​ឆ្នាំ​,​លោក​ឧកញ៉ា លាង ឃុន អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង និង​លោក​ឧកញ៉ា ហុង​ពី​វ អគ្គនាយក បុរី​ពិភពថ្មី ដែល​បាន​ឧបត្ថម្ភ​ថវិកា​ក្នុង​មួយ​នាក់ ៥​ម៉ឺន​ដុល្លារ ក្នុង​១​ឆ្នាំ ក្នុង​រយ​:​ពេល ៥​ឆ្នាំ ដើម្បី​ទ្រទ្រង់​ដល់​សិល្បករ​ចាស់ជរា​។​

សមាគម​សិល្បករ​ខ្មែរ​និង​សិល្បករ​សិល្បការិនី​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំង​៣ វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​សូមជួយ​ប្រោះព្រំ​សព្ទសាធុការពរ បវរ​សួរ​ស្តី​សិរី​មង្គល​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​វាងវៃ អាយុ​យឺនយូរ ជូន​ដល់​សម្តេច​តេ​ជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​ឲ្យ​សម្តេច​ទាំង​ទ្វេ និង​ក្រុមគ្រួសារ ចៅប្រុស ចៅស្រី មាន​សុខ​ភាពល្អ​បរិបូរណ៍ កម្លាំង​ខ្លាំងក្លា អាយុ យឺនយូរ ជា​ម្លប់​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដើម្បី​បន្ត​ដឹកនាំ​ប្រទេសជាតិ និង​ការងារ​មនុស្សធម៌​អោយ​រីកចម្រើន​ជានិច្ច​និរន្តរ៕

Facebook Comments

អត្ថបទទាក់ទង