វីដេអូ ​បង្ហាញ​ពី​សកម្មភាព​ប៉ូលិស​សង្ហា​ពាក់​សក្តិ​៣​បន្លំ​លួច​iPad ​ត្រូវ​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​

Spread the love

​ភ្នំពេញ ​៖ នេះ​ពិតជា​រឿង​ដ៏​គួរ​ឲ្យ​អាម៉ាស់​បំផុត​ក្រោយពេល​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​បន្ត​នាំគ្នា​ស៊ែរ​ចែករំលែក​នូវ​វីដេអូ​បង្ហាញ​ពី​សកម្មភាព​របស់​លោក​ប៉ូលិស​សង្ហា​ពាក់​សក្តិ​៣​ម្នាក់​ដែល​បាន​ចូលទៅ​បន្លំ​លួច​យក​iPad​របស់គេ​នៅក្នុង​ផ្ទះ​វេរ​លុយ​មួយកន្លែង ​ហើយ​ត្រូវបាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព។

បើ​ផ្អែក​តាម​វីដេអូ​ដែល​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព​ហើយ​ត្រូវបាន​ម្ចាស់​Account Facebook​ឈ្មោះ Leakhena Jeanana បង្ហោះ​ជា​សាធារណៈ​ភ្ជាប់​ជាមួយ​ការ​សរសេរ​ថា ចោរ​ប៉ូលិស​សង្ហា​ចូល​លួច​iPad​ម៉ោង​០៩​ព្រឹក​។​ តាមរយៈ​នេះ​ គេ​ក៏បាន​បាន​ឃើញ​អំពី​សកម្មភាព​ចោរ​រូប​នេះ ​ស្ថិត​ក្នុង​ឯកសណ្ឋាន​មន្ត្រី​នគរបាល​ពាក់​សក្តិ​៣​ផង​ដែរ។ បើតាម​ការ​លួច​បង្ហើប​ពី​សមត្ថកិច្ច​មូលដ្ឋាន មន្ត្រីនគរបាល​រូបនេះ​មានឈ្មោះ ហេង ហាប់ អាយុ​២៥​ឆ្នាំ បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ព្រំដែន​ទឹក ក្រសួងមហាផ្ទៃ។

វីដេអូ​ដដែល​នេះ​ បាន​បញ្ជាក់​ថា​ ដំបូង​ឡើយគឺ​ប៉ូលិស​សង្ហា​មាន​ងារ​ជា​ចោរ​ដៃ​ឆើត​រូប​នោះបាន​ចូលទៅ​ដក​លុយ​ចំនួន​២០​ដុល្លារ​ ស្រប​ពេលដែល​កំពុង​ដក​លុយ​ ក៏​ស្រាប់តែ​បុរស​រូប​នោះ​ បាន​លើក​ទូរស័ព្ទ​មក​និយាយ​ដើរ​ចុះឡើង រហូត​មានឱកាស​ស្ងាត់​ក៏បាន​ធ្វើ​សកម្មភាព​ចូលទៅ​លួច​យក iPad របស់​ម្ចាស់ផ្ទះ ​រួច​ក៏បាន​ដាក់​មេ​ផាយ​រត់ចោល​ស្រមោល​តែម្តង​។​

សកម្មភាព​នេះ ​បានធ្វើ​ឲ្យ​មហាជន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​បុគ្គល​ដែលមាន​ឯកសណ្ឋាន​ជាម​ន្ត្រី​នគ​របាល ​ប៉ុន្តែ​បែរជា​មាន​ចិត្តជា​ចោរលួច​របស់​ប្រជាពលរដ្ឋ​ដូច្នេះ​វិញ ​ដោយហេតុថា​ប៉ូលិស​គេ​ផ្សេងៗ​គឺមាន​តួនាទី​បម្រើ​សុវត្ថិភាព​និង​សន្តិសុខ​ជួន​ប្រជាពលរដ្ឋ ខុស​អ្វី​តែ​លោក​ប៉ូលិស​ម្នាក់នេះ​បែរជា​ធ្វើ​ចោរ​ទៅវិញ។ ​ម្យ៉ាងទៀត​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ប៉ូលិស​ល្អ​អស់ហើយ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ ​​​អធិការនគរបាល​ខណ្ឌ​ទួលគោក លោក សុខ ហេង បាន​ប្រាប់​​ ឲ្យ​ដឹង​​ថា មន្ដ្រីនគរបាល​រូបនេះ ​បាន​យល់ព្រម​ចូលមក​សារភាព​ពី​ទោសកំហុស និង​ប្រគល់ iPad ជូនទៅ​ម្ចាស់​ហាង​វិញ​​ហើយ ក្រោយ​ពី​កម្លាំង​នគរបាល​របស់​លោក សហការ​ជាមួយ​កម្លាំង​នគរបាល​សន្ដិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​ចុះ​ស្រាវជ្រាវ៕





Facebook Comments

អត្ថបទទាក់ទង