សមត្ថកិច្ច​ប្រមាញ់​ចាប់ខ្លួនបាន​ហើយ​ ជនល្មើស​ជំនាញ​ Hack , Facebook រហូត​ជាង​២០០​ឈ្មោះ​

Spread the love

ភ្នំពេញ​ ៖ ​ទីបំផុត​ជនល្មើស ​ដែល​ជំនាញ​ខាង​​​Hack យក​Account Facebook​របស់​អ្នកដទៃ​មាន​រហូត​ជាង​២០០​នាក់​នោះ​ ពេលនេះ​អស់​ល័ក្ខណ៍ ​ត្រូវ​បាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​តាម​ប្រមាញ់​ចាប់​ខ្លួន​បាន​ហើយ ​បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ ​និង​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​សំណាក់​ជនរងគ្រោះ​ជាច្រើន​មក​នោះ។
បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ថ្លែង​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩​ បុគ្គល​ ដែល​តែង​ធ្វើ​សកម្មភាព​Hack យក​Account Facebook​គេ​ត្រូវ​បាន​ចាប់ខ្លួន​ហើយ​ នៅ​ចំណុច​ផ្លូវ​លេខ​១៨២​សង្កាត់​ ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ប្រតិបត្តិការ​ ចុះ​ចាប់ខ្លួន​នេះ​គឺធ្វើឡើង​ដោយ​កម្លាំង​នាយកដ្ឋាន​របស់លោក​ និង​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ីវ ឈាន់ សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

ប្រភព​បាន​បញ្ជាក់ថា ​ប្រតិបត្តិការ​នេះ​ ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​និង​មាន​ស្ថិត​ក្រោម​ការ​សម្របសម្រួល​ពី ព្រះរាជអាជ្ញារង រៀល សុ​ភិន​។ ​យុវជន​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ ​មាន​ឈ្មោះ គ្រួច ស៊ី​ឆៃ អាយុ​២២ ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​នឹង​មាន​ ស្រុក​កំណើត​នៅ​សង្កាត់​ឫស្សីកែវ ​ខណ្ឌ​ឫស្សីកែវ ​រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន​ស្នាក់នៅ​ផ្លូវ​លេខ​១៩៨១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ បាន​បញ្ជាក់​ថា ការ​ចាប់​ចុះ​ចាប់ខ្លួន​យុវជន​រូប​នេះ ​គឺធ្វើឡើង​ ខណៈ​ដែល​មាន​ជនរងគ្រោះ​ បាន​ដាក់​ពាក្យបណ្ដឹង​ពីបទ​ចូល​Hack​លួច​ប្រើប្រាស់​Account Facebook អ្នកដទៃ​ដោយ​គ្មាន​ការអនុញ្ញាត។ មិនតែប៉ុណ្ណោះ​ក៏បាន​ប្រព្រឹត្ត​ទង្វើ​ផ្ញើ​សារ​(​ឆាត​)​ទៅ​ខ្ចី​លុយ​ពី​បុគ្គល​មួយចំនួន​ឬ​មិត្ត​ភ័​ក្រ​នៅក្នុង​Facebook​ដោយ​តម្រូវ​ឲ្យ​ពួកគេ​ផ្ញើ​លុយ​តាមរយៈ​ក្រុមហ៊ុន​វេរ​លុយ​ជាដើម​។

បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​សារភាពថា​កន្លងមក​ខ្លួន​ពិតជា​ធ្លាប់​បានធ្វើការ​ឆបោក​ប្រាក់​ជាច្រើនលើក​ច្រើនសា​រហើយ​គិត​មកទល់​ពេល​ចាប់ខ្លួន​នេះ​រូបគេ​បានធ្វើ​សកម្មភាព​លួច​ចូល​Account Facebook រហូត​ជាង​២០០​ឈ្មោះ​ដោយ​ក្នុងនោះ​ជាង​៥០Account Facebook ខ្លួន​បានទទួល​បាន​លុយ​ពី​ការ​ឆបោក​។ ក្រោយពេល​ចាប់ខ្លួន​ជនសង្ស័យ​ត្រូវបាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ធ្វើការ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាមផ្លូវ​ច្បាប់​៕​

Facebook Comments

អត្ថបទទាក់ទង