សរសើរ​ទឹកចិត្ត​! នី រតនា រក្សា​ជំហរ​មិន​ប្រកាន់​ខឹង​ឬ​ប្រតិកម្ម​លើ​ការរិះគន់​មួយចំនួន​របស់​អ្នកលេង​បណ្តាញ​សង្គម

Spread the love

ភ្នំពេញ ​៖​ មហាជន​ពិតជា​បានដឹង​គ្រប់គ្នា​ហើយ​ថា ​តារាចម្រៀង​ប្រុស​របស់​ផលិតកម្ម​ហង្ស​មាស​លោក នី រតនា មុននេះ ​ត្រូវបាន​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​នាំគ្នា​ធ្វើការ​រិះគន់​ ខណៈដែល​មាន​សារព័ត៌មាន​ក្នុងស្រុក​តែង​ធ្វើ​ការបើក​រំលើង​គាស់​កកាយ​រឿង​ជីវិត​ស្នេហា​ផ្ទាល់ខ្លួន ​បន្ទាប់​រៀបការ​ស្របច្បាប់​ជាមួយ​ភរិយា​ស្រស់ស្អាត​។​

ជាការ​ពិត​លោក នី រតនា កន្លងមក​តែង​ទទួលបាន​ការគាំទ្រ​និង​មាន​ប្រជាប្រិយ​ភាពខ្លាំង​លើ​វិស័យ​សិល្បៈ​ ក្រោយពេល​សាង​ឈ្មោះ​ល្បី​តាមរយៈ​ការប្រឡង​ជាប់​ពានរង្វាន់​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​របស់​ស្ថា​នីយ​ទូរទស្សន៍​ហង្ស​មាស​។ មិនតែប៉ុណ្ណោះ​ក៏មាន​មហាជន​មួយចំនួន​តែង​លើកសរសើរ​ពី​អត្ត​ច​រិត​រួស​​​រាយ​រាក់ទាក់​ផងដែរ​។​

ថ្វីត្បិតតែ​យ៉ាង​ក្តី​លោក នី រតនា ថ្មីៗ​នេះ​ ពោល​ក្រោយ​ពេល​រៀប​អាពាហ៍ពិពាហ៍​ក៏​ស្រាប់តែ​មានការ​រិះគន់​មួយចំនួន​ បន្ទាប់ពី​មាន​ព័ត៌មាន​ជាច្រើន​ បានធ្វើការ​ចុះផ្សាយ​ជា​បន្តបន្ទាប់​ដោយ​លើក​សរសើរ​អំពី​ជីវិត​ស្នេហា​ជាមួយ​ភរិយា​ស្រស់ស្អាត​របស់លោក​។ ​ម្យ៉ាងទៀត​ក៏មាន​ការ​និយាយថា​គ្រាន់តែ​រឿង​ជីវិត​ឯក​ជន​របស់លោក នី រតនា សោះ​ក៏​នាំគ្នា​សរសេរ​ចុះផ្សាយ​ដដែលៗ​បែបនេះ​។​

ឆ្លើយតប​នឹង​ការរិះគន់​មួយចំនួន​ពី​មហាជន​នោះដែរ​តារា​ប្រុស​វ័យក្មេង​រូប​សង្ហា​លោក នី រតនា តាមរយៈ​ការផ្តល់​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន ​បានលើកឡើង​ថា​ លោក​មិនដែល​ខឹង​ឬ​អន់ចិត្ត​ជាមួយ​មហាជន​ម្នាក់​ណា​ឡើយ​ ព្រោះ​ស្រប​ពេលដែល​ខ្លួន​បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បានគិត​ច្បាស់​ហើយ​ថា ​អាច​នឹងមាន​រឿងរ៉ាវ​មួយ​ចំនួន​កើតឡើង​ដោយ​ចៀស​មិន​ផុត​។​

លោក នី រតនា បាន​បន្ថែមថា​ ព្រោះ​​​តែ​លោក​ជា​មនុស្ស​របស់​មហាជន ដូច្នេះ​លោក មិន​មានការ​អន់ចិត្ត ឬ​ខឹង​ដោយ​ប្រការ​ណាមួយ​លើ​មហាជន​ឬ​អ្នកគាំទ្រ​ឡើយ​ជុំវិញ​នឹង​ការចេញផ្សាយ​ព័ត៌មាន​បន្តបន្ទាប់​រឿង​រៀប​មង្គលការ​ឬ​ជីវិត​ស្នេហា​ក្រៅ​ឆាក​និង​អាជីព​សិល្បៈ​ពោលគឺ​លោក​តែ​សប្បាយរីករាយ ព្រមទាំង​ផ្តល់​ស្នាមញញឹម​បន្ត​ការ​ងារ​សិល្បៈ​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​ដដែល​៕​ 

 

Facebook Comments

អត្ថបទទាក់ទង