សូម​ប្រុងប្រយ័ត្ន! ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ឆក់​យក​ជីវិត​បុរស​ម្នាក់​នៅ​ខេត្ត​កំពង់ស្ពឺ

កំពង់ស្ពឺ​ ៖ ​នេះ​ជា​ករណី​ទី​២​ហើយ ​ដែល​ផ្ទុះ​រឿងរ៉ាវ​ដ៏​រសើប​លើ​ករណី​ពុល​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​ប៉ាវ នា​ដើម​ឆ្នាំ​២០១៩​ ដោយ​ករណី​ទី​១​បាន​កើត​ឡើងលើ​កូន​នេន​ព្រះជន្ម​១៤​ឆ្នាំ​នា​ខេត្ត​បន្ទាយមានជ័យ​ខណៈ​ពុល​ភេសជ្ជៈ​ខា​រ៉ា​បាវ​ត្រូវ​ចូល​សង្គ្រោះ​បន្ទាន់​នេះ​បើ​យោង​តាម​ព្រះគ្រូ​ចៅអធិការ​វត្ត​ប្រាសាទរលំ​ជ្រៃ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ ប៉ុន្តែ​ក្រោយពេល​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ ក៏​ត្រូវ​បាន​បដិសេធ​ពី​សំណាក់​ភាគី​ក្រុមហ៊ុន​ថា ពុំ​មែន​ពុល​ដោយសារ​ភេសជ្ជៈ​នេះ​ឡើយ។

ដោយឡែក​ករណី​ទី​២​កាលពី​យប់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩​កន្លង​នេះ​ ក៏​ស្រាប់​តែមាន​ព័ត៌មាន​ផ្ទុះ​ទៀតថា​ មាន​បុរស​ម្នាក់​ជា​ចុងភៅ​ធ្វើ​ម្ហូប​ការ ​បន្ទាប់ពី​គាត់​ធ្វើ​ម្ហូប​អស់កម្លាំង​ហើយ​បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​មក​ផឹក​អស់​ចំនួន​២​កំប៉ុង​ ​មួយសន្ទុះ​ក្រោយមក​ក៏បាន​ធ្វើ​ទុក​ទន់​ដៃ ទន់​ជើង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង។

បើតាម​ប្រភពព័ត៌មាន​បានបញ្ជាក់​ថា ចំពោះ​ហេតុការណ៍​មនុស្ស​ស្លាប់​ដោយសារ​ការផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នេះ ​បាន​កើតមានឡើង​ស្ថិតនៅ​ភូមិ​ចាន់​ពីង ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ។

ជនរងគ្រោះ ​ដែល​ស្លាប់​បន្ទាប់​ពី​ផឹក​ខា​រ៉ា​បាវ​មានឈ្មោះ នូ ទឹម​ភេទ​ប្រុស អាយុ ៥៨​ឆ្នាំមាន​មុខរបរ​ជា​ចុងភៅ​ធ្វើ​ម្ហូប​ការ រស់នៅ​ភូមិ​ខោ​ប សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

ផ្អែក​តាម​មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ ​ជនរងគ្រោះ​បាន​ទៅ​ធ្វើ​ម្ហូប​ការ​ក្នុង​ភូមិ ឃុំ​ខាងលើ ​ដោយសារ​ហត់នឿយ​អស់កម្លាំង​បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ប្រភេទ ខា​រ៉ា​បាវ​ចំនួន​២​កំប៉ុង​យកមក​ហូប​ បន្ទាប់ពី​ហូប​មួយសន្ទុះ​ក៏​កើតមាន​អាការៈ​វិលមុខ​ត្រជាក់​សាច់ និង​អស់កម្លាំង​រឹតតែ​ខ្លាំង​បណ្តាល​ដួល​ស្លាប់​តែម្តង​។​

ប្រភព​បាន​បន្តថា ​ក្រោយពេល​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នោះ​ ក៏​ត្រូវ​គេ​រាយការណ៍​ទៅ​នគរបាល​ នៃ​ស្នងការដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ ដោយមាន​ការចូលរួម​សម្របសម្រួល​ពី​លោក អ៊ូ ផាត ព្រះរាជអាជ្ញា​រង សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ,​លោក​វេជ្ជបណ្ឌិត គង់ ប៊ុនលី ជំនាញ​ផ្នែក​កោសលវិច័យ នៃ​មន្ទីរ​បង្អែក​ខេត្ត​កំពង់ស្ពឺ។

យោង​តាម​ការ​ត្រួតពិនិត្យ​របស់​លោក​វេជ្ជបណ្ឌិត គង់ ប៊ុនលី បាន​និយាយថា ​កត្តា​ដែល​ជនរងគ្រោះ​ស្លាប់​គឺ​បណ្តាលមកពី​ស្លោក​សាច់ដុំ​បេះដូង​ទើប​ធ្វើ​ឲ្យ​ស្ទះ​សរសៃ​ឈាម​គាំងបេះដូង ស្លាប់​ភ្លាមៗ​បែបនេះ។

លោ​កថា​មនុ​ស្សវ័យ​ចាប់ពី​៥០​ឆ្នាំ​ឡើងទៅ​ត្រូវ​ពិនិត្យ​ឈាម និង​កុង​ត្រូល​សុខភាព​ឲ្យ​បាន​ទៀងទាត់​ព្រោះថា ឈាម​អាច​មាន​ជាតិ​ខ្លាញ់​ច្រើន​ទើប​បង្ក​នាំ​ឲ្យ​ស្លោក​សាច់ដុំ​ស្ទះ​ដាច់​សរសៃ​ឈាម​អាច​បណ្ដាល​ឲ្យ​ស្លាប់​ងាយ​បំផុត។

ទាក់ទង​នឹង​ព័ត៌មាន​នៃ​ការ​ស្លាប់​របស់​បុរស​វ័យ​ចំណាស់​ខាងលើ​នេះ​ដែរ​ គេ​នៅ​មិនទាន់​ឃើញ​មាន​ប្រតិកម្ម​បញ្ជាក់​ណាមួយ​ពី​ភាគី​ក្រុមហ៊ុន​ភេសជ្ជ​: ខា​រ៉ា​បាវ នៅឡើយ​ទេ​។​ ខណៈដែល​កន្លងមក​ក្រោយ​ផ្ទុះ​ករណី​ពុល​កូន​នេន​ព្រះជន្ម​១៤​ឆ្នាំ​នា​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​ក្រុម​ហ៊ុ​ន​ចេញមុខ​ច្រានចោល​លើ​ករណី​មួយ​នេះ​។​ដូច្នេះ​ចំពោះ​ព័ត៌មាន​នៃ​ការពុល​ស្លាប់​បុរស​នៅ​ខេត្តកំពង់ស្ពឺ​ខាងលើនេះ ​សង្ឃឹមថា​នឹងមាន​ការចេញ​មុខ​បញ្ជាក់​ពី​ខាង​ក្រុមហ៊ុន​ដើម្បី​ឲ្យ​មហាជន​អស់​ចម្ងល់​៕


អត្ថបទទាក់ទង