សូម​រួមគ្នា​អភិរក្ស​សត្វព្រៃ! ចាប់ខ្លួន​ព្រានព្រៃ​បាញ់សម្លាប់​សត្វ​ទន្សោង​គោព្រៃ​ទម្ងន់​១២០​គីឡូក្រាម

Spread the love

កំពង់ស្ពឺ​ ៖​ កម្លាំង​ការពារ​សត្វព្រៃ ​និង​កម្លាំង​អាវុធហត្ថ​ ក្រោយពី​ទទួល​បាន​សេចក្ដី​រាយការណ៍​ជុំវិញ​ករណី​នៃ​ការ​បាញ់​សម្លាប់​សត្វ​ទន្សោង​គោព្រៃ​១​ក្បាល​ ដែល​មាន​ទម្ងន់​១២០​គីឡូក្រាម​ដើម្បី​ពន្លះសាច់​ដឹក​យក​ទៅ​លក់​នៅ​ទីផ្សារ ​ភ្លាមៗ​នោះ​ក៏បាន​បើ​ប្រតិបត្តិការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ព្រានព្រៃ​ជាក់ស្ដែង។

បើ​តាម​សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា​ សត្វ​ទន្សោង​គោព្រៃ​១​ក្បាល​ដែលជា​ប្រភេទ​សត្វព្រៃ​ដ៏​កម្រ​នៅ​កម្ពុជា ​ត្រូវបាន​ព្រានព្រៃ​មួយក្រុម​ធំ​ឆ្មក់​ចូល​ទៅ​លួច​បាញ់​ស្លាប់​កាលពី​យប់​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ ២០១៨​ស្ថិតនៅ​ព្រៃ​សហគមន៍​ប្រាំបី​មុម​ ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ។

បន្ទាប់​បី​ទទួល​បាន​ព័ត៌មាន​នេះ ​មន្ត្រី​បរិស្ថាន​សហការ​ជាមួយ​អង្គការ​វ៉ា​យ​អេ​ដ និង សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​ ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ ​ជនល្មើស​១​នាក់​ឈ្មោះ សូ ស៊ីណា ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​អង្ក្រង ឃុំ​ស្វាយរំពារ​ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង។

ប្រភព​បាន​បញ្ជាក់ថា ​ក្នុង​ប្រតិបត្តិ​ការចុះ​​បង្ក្រាប​ជាក់ស្តែង​នោះ​ សមត្ថកិច្ច​ដកហូត​បាន​សាច់​ទន្សោង​ស្លាប់​១​ក្បាល​ ដែល​ក្រុម​ជនល្មើស​ពន្លះ​យក​សាច់​អស់​នៅសល់​ត្រឹមតែ​ជើង​មុខ​និង​ក្រោយ​,​រថយន្ត​ម៉ាក វី​ហ្គោ ១​គ្រឿង​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2M 74 35។

បន្ទាប់ពី​ឃាត់ខ្លួន ​បច្ចុប្បន្ន​ជនបង្ក​និង​វត្ថុតាង​ត្រូវបាន​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​​​បញ្ជូន​ទៅ មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ។ ពេលនេះ​កងរាជអាវុធហត្ថ​ស្រុក​ថ្ពង ​និង​រដ្ឋបាល​ព្រៃឈើ នគរបាល​ស្រុក បរិស្ថាន​បាន​ចុះ​ធ្វើ​កំណត់ហេតុ​ នៅ​កន្លែង​កើតហេតុ​ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិ​វិធី​ច្បាប់។

ដោយឡែក​លោក វ៉ី សំណាង អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ស្ពឺ​ក្រោយ​ទទួល​បាន​ដំណឹង​នេះ​ក៏បាន​ចេញមុខ​អំពាវនាវ​សូម​កុំ​ឲ្យ​ពលរដ្ឋ​សម្លាប់​សត្វ​ដ៏​កម្រ​ជាពិសេស​សត្វ​ដែល​រស់នៅ​ក្នុង​ដែន​អភិរក្ស ជាក់ស្តែង​ដូចជា​ករណី​សម្លាប់​សត្វ​ទន្សោង​គោព្រៃ​មួយ​ក្បាល​មាន​ទម្ងន់​រហូត​១២០​គីឡូក្រាម​នេះ​ជាដើម៕

 

Facebook Comments

អត្ថបទទាក់ទង