ស្តាប់​ការ​បកស្រាយ​របស់​លោក ថៃ នរៈ​សន្យា ជុំវិញ​ការរិះគន់​ ក្រោយ​ចាត់ទុក​ករណី ទេព បូ​ព្រឹក្ស ជា​រឿង​កំប៉ិកកំប៉ុក

Spread the love


ភ្នំពេញ ​៖ ​ថ្មីៗ​នេះ​បាន​ផ្ទុះ​ការរិះគន់​និង​បង្ហាញ​ការមិន​ចេញ​ចិត្ត​ចំពោះ​ការលើកឡើង​របស់លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ខណៈដែល​កន្លងមក​លោក​បានផ្តល់​សម្ភាសន៍​ដល់​សារព័ត៌មាន​ក្នុងស្រុក​ថា ករណី​របស់ ទេព បូ​ព្រឹក្ស ជា​រឿង​កំប៉ិកកំប៉ុក។ ប៉ុន្តែ​ស្របពេល​ដែលមាន​ការរិះគន់​នេះដែរ​លោក ថៃ នរៈ​សត្យា បាន​ចេញមុខ​បញ្ជាក់ថា​ជា​រឿង​ដែល​យល់ច្រឡំ​និង​ខ្វះ​ការពិចារណា​ឲ្យ​បាន​ដិតដល់​។​

លោក ថៃ នរៈ​សត្យា បាន​រៀបរាប់ថា​ វា​ជា​បំណងល្អ​ដែល​គ្រាន់តែ​មិន​ស្ថិតក្នុង​ក្បាល​អន់​ខ្សោយ​ប៉ុណ្ណោះ​។ ខ្ញុំ​ចង់​ប្រៀបធៀប​ថា គ្រប់ការ​ប្រយុទ្ធ​លើ​លោក​នេះ រួមទាំង​សង្គ្រាមលោកលើកទី​១ និង​លើក​ទី​២​ផង​នោះ មិនដែល​ចប់​ទៅដោយ​ការប្រយុទ្ធ​ហែកហួរ​គ្នា​ទេ ! វា​រមែង​រលត់​ទៅដោយ​ការសម្រុះសម្រួល​ណាមួយ​មិន​ខាន​។ ក៏ដូចជា​សង្គ្រាម​កន្លង​ទៅ​នៅ​កម្ពុជា​ដែរ តើ​វា​ជាការ​ចប់​ដោយ​ការប្រយុទ្ធ​ស៊ីសាច់ហុតឈាម​ឬ ?​។​

លោក​បាន​បន្តទៀតថា​ ក្រោយ​ថ្ងៃ​រំដោះជាតិ​ជា​ប្រវត្តិសាស្ត្រ​នា​ថ្ងៃ​៧​មករា ក៏​ពិតមែនតែ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​បាន​រលត់​ទៅជា​បណ្តោះអាសន្ន តែ​សង្គ្រាម​ឆ្មក់​នៅតែ​បន្ត​ឆក់យក​ជីវិត​មនុស្ស សត្វ និង​បំផ្លិចបំផ្លាញ​ប្រទេស​ដ៏​កម្សត់​នេះ​ជា​បន្តបន្ទាប់​រហូតដល់​ឆ្នាំ 1998 ទើប​ទទួលបាន​សន្តិភាព​ពេញលេញ​លើ​ផ្ទៃ​ប្រទេស ដោយសារ​ការអនុវត្ត​ន៍​នយោបាយ ឈ្នះ​ឈ្នះ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ដែល​ប្រកាន់យក​អាវុធ​ច​ចារ​គ្នា​ជា​មូលដ្ឋាន ដោយ​មិន​ប្រើ​អាវុធ​ប្រល័យ​គ្នា​ទេ ។ ខ្ញុំ​ចង់យក​បញ្ហា​ខាងលើនេះ​មកជា​ឧបករណ៍ ទើប​ខ្ញុំ​ឲ្យ​តម្លៃ​ថា​វា​មិនមែនជា​រឿង​ធំ​ដែល​ប៉ះ​ពាស់​ដល់​សុវត្ថិភាព​ប្រទេសជាតិ និង​សន្តិសុខ​សង្គម​នោះឡើយ ! ។

រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​វប្បធម៌​និង វិចិត្រសិល្បៈ​លោក ថៃ នរៈ​សត្យា បានបញ្ជាក់​ថា​រឿង​ធំ និង​រឿង​ល្បី​មិន​ដូចគ្នា​ទេ ! អា​រឿង​តូច​ប៉ុន​បាតដៃ​ក៏​វា​អាច​ល្បី​ដែរ អាច​ល្បី​ខាង​ល្អ ខាង​គុណធម៌ ក៏​អាច​ល្បី​ខាង​មិនល្អ ខាង​អគុណ​ធម៌​ដែរ ! ដូចនេះហើយ​ដែល​ខ្ញុំ​បាន​វាយតំ​លៃ​ថា​វា​មិនមែនជា​រឿង​ធំ​នោះ​ពោល​គឺជា​រឿង​ដែល​អាច​និយាយ​គ្នា​បាន បើ​ភាគី​ជម្លោះ​ទាំងសងខាង​មាន​សុ​ឆន្ទៈ​ក្នុង​​​ការដោះស្រាយ​គ្នា​។​

លោក ថៃ នរៈ​សត្យា លើកឡើង​ទៀតថា ​ខ្ញុំ​មិនបាន​និយាយ​កាន់ជើង ដោយ​លម្អៀង​ទៅខាង​ណា​ឡើយ ហើយ​ខ្ញុំ​ក៏បាន​បន្ទោស​ចំពោះ​ជន​ដែល​មិនចេះ​គ្រប់គ្រង​ខ្លួនឯង​ហើយ​បញ្ចេញ​កំហឹង​ទៅលើ​គេ​នោះដែរ​។ ប៉ុន្តែ​ការបញ្ចេញមតិ​ប្រមាថ​មកលើ​ខ្ញុំ​ពី​សំណាក់​ជន​មួយចំនួន​ណា​នោះ វា​គ្រាន់តែ​ជាការ​បង្ហាញ​ពី​កម្រិត​គំនិត​នៃ​បុគ្គល​ម្នាក់ៗ​ក្នុងការ​ប្រី​សិទ្ធិ​ហួស​ចន្ទោល​របស់​ពួកគាត់​ប៉ុណ្ណោះ រួមទាំង​ពួក​ចៃ​បណ្ឌិត​ម្ទេសខ្មាំង​ដែល​អត់​មាន​ជាតិ​ហឹរ​ពីរ​បី​ផ្លែ​ផងដែរ​។​

ខ្ញុំ​សុំ​អរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ និង​បណ្តា Facebook’s friends នៅ​គ្រប់​ច្រកល្ហក​នៃ​ពិភពលោក ដែល​បានផ្តល់​តម្លៃ​សម្តី​របស់ខ្ញុំ​ក្នុង វិចារណញ្ញាណ និង​ហេតុ​-​ផល ។​សូម​ទាំងអស់គ្នា​មេត្តា​ទទួល​ពី​ខ្ញុំ​នូវ ការគោរព​ជូនពរ សុខ​សប្បាយ សុវត្ថិភាព និង សំណាងល្អ​តទៅ​…​។​នេះ​ជា​ប្រសាសន៍​លើកឡើង​បន្ថែម​របស់លោក ថៃ នរៈ​សត្យា ៕

Facebook Comments

អត្ថបទទាក់ទង