ស្គាល់​មុខ​ជើង​ខ្លាំង​ផ្កាយ​៣​ទះ​កំផ្លៀង​អ្នកចម្រៀង​នៅ​ភោជនីយដ្ឋាន​បឹង​មាសហើយ

Spread the love

ភ្នំពេញ​ ៖​ បន្ទាប់ពី​មានការ​សម្របសម្រួល​ចូលខ្លួន​ផ្តល់​សំណង​ជំងឺ​ចិត្តជា​ទឹកប្រាក់​ចំនួន​៨​ពាន់​ដុល្លារ​ដល់​នារី​រង​គ្រោះជា​អ្នកចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន​បឹង​មាស យិន ស្រី​ពៅ ពី​សំណាក់​ជនបង្ក​មាន​ឋានៈ​ជា​មន្ត្រី​យោធា​ទំនើង​ដៃ​ឆើត​ផ្កាយ​៣​ហើយ​នោះ​ ពេលនេះ​អត្តសញ្ញាណ​ជនបង្ក​ត្រូវបាន​ទម្លាយ​ជា​ផ្លូវការ​ហើយ​ ខណៈ​មានការ​ព្យាយាម​បិទបាំង​អត្តសញ្ញាណ។

បើ​យោងតាម​ការបញ្ជាក់​ពី​លោក ផែង វណ្ណៈ បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​របស់​លោក​ផ្កាយ​៣​​នោះ​ថា​ ស្គាល់​មុខ​ផ្កាយ​៣​ទះកំផ្លៀង​អ្នកចម្រៀង​នៅ​បឹង​មាស​ហើយ។ លោក​ឧត្ដមសេនីយ៍​ផ្កាយ​៣ ប៉ុល ស៊ីនួន នាយ​ទាហានជាន់ខ្ពស់​នៅ​ក្រសួងការពារជាតិ ដែល​សំបូរ​ទៅដោយ​រឿងអាស្រូវ ត្រូវបាន​គេ​ស្គាល់​ថា​ ជា​ជនដៃដល់​ដែល​ប្រើ​ហិង្សា​លើ​នារី​អ្នកចម្រៀង​នៅ​ភោជនីយដ្ឋាន​បឹង​មាស​កាលពី​យប់​ថ្ងៃទី​២៧​ខែកុម្ភៈ ឆ្នាំ ២០១៩។

លោក ផែង វណ្ណៈ បាន​បន្តថា​ ប្រភពព័ត៌មាន​ក្រៅផ្លូវការ​បានអោយដឹង​ថា ​បន្ទាប់ពី​បែកធ្លាយ​ព័ត៌មាន​ស្ដីអំពី​អំពើ​ហិង្សា​ដែល​លោក​ផ្កាយ​៣​វាយ​ទៅលើ​អ្នកចម្រៀង​ព្រោះតែ​នាង​បដិសេធ​មិន​ទៅ​បម្រើ​តណ្ហា​លោក​នោះ ស្រាប់តែ​លោក​ផ្កាយ​បី​លួច​ចូលមក​ចរចា​​សម្រប​សម្រួល​គ្នា​ស្ងាត់ៗ​ដើម្បី​បញ្ចប់រឿង​ដោយ​លោក​ផ្កាយ​៣​សង​ជំងឺ​ចិត្ត​ទៅអោយ​អ្នកចម្រៀង​ចំនួន​ទឹកប្រាក់ ៨០០០ ដុល្លារ។

ប្រភព​ដដែល​បាន​លើកឡើងថា ​ប៉ុន្តែ​អ្នកសម្របសម្រួល​ព្យាយាម​លាក់​អត្តសញ្ញាណ​លោក​ផ្កាយ​បី។​ តែ​ទីបំផុត​ក្រដាស​មិនអាច​ខ្ចប់​ភ្លើង​បានទេ​ មហាជន​រង់ចាំ​មើល​ចំណាត់​ការ​បន្ត​តើ​លោក​ឧត្ដមសេនីយ៍​ផ្កាយ​៣ ប៉ុល ស៊ីនួន ត្រូវ​រួចខ្លួន ឬ យ៉ាងណា ? ​គួរ​បញ្ជាក់ថា​កន្លងមក​លោក​ផ្កាយ​៣ ប៉ុល ស៊ីនួន ធ្លាប់​ត្រូវបាន​គយ​ចាប់​ឡាន​អត់​ពន្ធ​ម្ដង​រួចមកហើយ​នៅ​ខេត្តបាត់ដំបង។

ដោយឡែក​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក ហង ឡុង ដែល​ត្រូវជា​ស្វាមី​របស់​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​គឺ​អ្នកនាង ច​ន ច័ន្ទ​ល័​ក្ខិ​ណា បាន​ប្រាប់​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០១៩​ថា​តារាចម្រៀង​ស្រី​ដែល​រង​អំពើ​ហិង្សា​ដោយ​ការ​ទះកំផ្លៀង​ពី​មន្ត្រី​ទាហាន​ផ្កាយ​៣​នោះ​ពេលនេះ​នាង​ទទួលបាន​យុត្តិធម៌​ហើយ​ក្រោយពេល​ជនបង្ក​ចូល​សម្រុះសម្រួល​ដោយ​ព្រម​សង​សំណង​ជំងឺ​ចិត្ត​នូវ​ទឹកប្រាក់​ចំនួន​៨​ពាក់​ដុល្លារ។

លោក ហេង ឡុង បាន​លើកឡើងថា ​យុត្តិធម៌​ត្រូវតែមាន​សូម​អបអរសាទរ​តារាចម្រៀង យិន ស្រី​ពៅ ដែល​ត្រូវបាន​ទះកំផ្លៀង​ដោយ​មន្ត្រី​ទាហាន​ផ្កាយ​៣ មួយរូប​កាលពី​រាត្រី​ថ្ងៃទី​២៧ ខែកុម្ភៈ នៅ​ភោជនីយដ្ឋាន​បឹង​មាស។ ករណីនេះ​ត្រូវបាន​សម្របសម្រួល​សង​ជំងឺ​ចិត្ត​៨​ពាន់​ដុល្លារ​អរគុណ​សម្រាប់​ការចែក​ចាយ​ជូន​មហាជន​ជ្រាប​ជា​ព័ត៌មាន។

សូម​រម្លឹក​ថា​ កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ​ស្ថិតនៅ​ចំណុច​ភោជនីយដ្ឋាន​បឹង​មាស តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A​ក្នុង​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ មានរឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ បានកើត​ឡើងលើ​នារី​ដែលជា​អ្នកចម្រៀង​ស្រស់ស្អាត​ប្រចាំ​នៅ​ហាង​ខាងលើ ក្រោយ​ពេលដែល​បុរស​ម្នាក់​អួតខ្លួន​ថា ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​៣ រួម​នឹង​បក្ខពួក​ប្រុស​-​ស្រី​៥​ឬ​៦​នាក់​ទៀត បាន​ជិះ​រថយន្ត​២​ទៅ​៣​គ្រឿង​មក​ចូល​ផឹកស៊ី​រួច​ក៏​ត្រូវបាន​លោក​ផ្កាយ​៣ ម្នាក់​ផ្ទុះ​កំហឹង ទះកំផ្លៀង​លើ​នារី​ជា​អ្នកចម្រៀង​ព្រោះ​រឿង​មិន​ព្រមទៅ​ដេក​ជាមួយ​ខ្លួន។

នារី​រងគ្រោះ​ដែលជា​អ្នកចម្រៀង​រូបនោះ​មានឈ្មោះ យិន ស្រី​ពៅ អាយុ ៣៥​ឆ្នាំ មុខរបរ​អ្នកចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន​ខាងលើ។ ក្រោយពេល​កើតហេតុ​នារី​រងគ្រោះ​បាន មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ជ្រោយចង្វារ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់​ដែល​អួតខ្លួន​ថា​ជា​ផ្កាយ​៣ បង្ក​ហិង្សា​រូបនេះ​។​ប៉ុន្តែ​នៅ​ទីបំផុត​ពេលនេះ​យុត្តិធម៌​ត្រូវបាន​ផ្តល់ជូន​តារាចម្រៀង យិន ស្រី​ពៅ នូវ​សំណង​ទឹកចិត្ត​ចំនួន​៨​ពាន់​ដុល្លារ៕

Facebook Comments

អត្ថបទទាក់ទង