អាជ្ញាធរ​ខណ្ឌ​ទួលគោក​ចុះ​ធ្វើការ​ស្រាវជ្រាវ​នៅ​ចំណុច​ទីតាំង​ហាង សមុទ្រ ​ប៉ុន្តែ​ពុំ​មាន​ការ​បិទ​អាជីវកម្ម​ឡើយ

ភ្នំពេញ​ ៖ ​នា​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ​ឆ្នាំ​២០១៨​នេះ ​អាជ្ញាធរ​ខណ្ឌទួលគោក​បាន​ដឹកនាំ​មន្ត្រី​ចម្រុះ​ចុះទៅ​ធ្វើការ​ស្រាវជ្រាវ​សួរនាំ​នៅ​ចំណុច​ហាង សមុទ្រ ដែល​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​មហាជន​កាលពី​យប់មិញ​ ក្រោយ​មាន​ករណី​​យក​កំប៉ុង​ស្រា​បៀរ​គប់​លើ​តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​ហង្ស​មាស​កញ្ញា ទេព បូ​ព្រឹក្ស បង្ក​ការរិះគន់​ខ្លាំង​ពី​មជ្ឈដ្ឋាន​មហាជន​និង​អ្នកសិល្បៈ​។​

បើតាម​ប្រភព​ព័ត៌មាន​ដែល​បញ្ជាក់​ពី​មន្ត្រី​មួយរូប​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា​ដោយមាន​ការអនុញ្ញាត​ពី​អភិបាល​ខណ្ឌទួលគោក​និង​សហ​ការ​​ពី ចៅសង្កាត់ មេ​ប៉ុស្តិ៍​នា​ព្រឹក​ថ្ងៃទី​២៦​ខែធ្នូ​នេះ​ សមត្ថកិច្ច​បាន​ចុះ​ធ្វើ​ស្រាវជ្រាវ​ករណី​​​ផ្ទុះ​នូវ​រឿងរ៉ាវ​​អសីលធម៌​លើ​តារាចម្រៀង​កញ្ញា ទេព បូ​ព្រឹក្ស ដើម្បី​បានដឹង​ច្បាស់​ពី​ដើមហេតុ​លម្អិត​រហូត​មាន​ករណី​​​បែបនេះ​។​

ប្រភព​បាន​បន្តថា ​ក្រៅតែពី​ការសួរនាំ​រក​មូលហេតុ​ហើយ​នោះ​ក៏​នឹងមាន​ការណែនាំ​ម្ចាស់​ហាង រួមទាំង​ធ្វើ​កិច្ចសន្យា​ផងដែរ​។ ​ចំណែកឯ​ការបិទ​ឬ​ផ្អាក​ដំណើរការ​ហាង សមុទ្រ ខាងលើនេះ​គឺ​ពុំមាន​នោះទេ​ ព្រោះថា​ហាង​មួយ​នេះ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ ដូច្នេះ​ជា​ជំ​ហាន​ដំបូង​គ្រាន់តែ​ធ្វើការ​ណែនាំ​និង​កិច្ចសន្យា​របស់​ម្ចាស់​ហាង​ប៉ុណ្ណោះ​។​

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ថែមថា ជាមួយគ្នា​នោះ ​អាជ្ញាធរ​ក៏​នឹង​ធ្វើ​ការណែនាំ​ឲ្យ​ម្ចាស់​ហាង​និង​ភាគីជនរងគ្រោះ​សម្រុះសម្រួល​គ្នា​ព្រោះនេះ​មិនមែនជា​រឿង​បង្ក​របួសស្នាម​អ្វី​ឡើយ​។​ ប៉ុន្តែ​បើសិនជា​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​រួចហើយ​នៅតែ​កើតមាន​ករណីនេះ​ឡើង​ទៀត​នោះ​គឺ​នឹងមាន​ការស្នើ​សុំ​គោល​ការណ៍​ពី​ថ្នាក់លើ​ចាត់វិធានការ​បិទ​តែម្តង​។​

ដោយឡែក​បើតាម​ការអះអាង​របស់​កញ្ញា ទេព បូ​ព្រឹក្ស និង​លោក G-Devith កាលពី​យប់មិញ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​នាង​គ្មាន​ការសម្រុះសម្រួល​លើ​ករណីនេះ​ឡើយ ​ហើយ​និង​ដាក់​ពាក្យបណ្តឹង​ចំនួន​៣​ករណី​គឺ​ទី​១- ប្តឹង​អ្នករៀបចំ​កម្មវិធី​,២ -​ម្ចាស់​ហាង និង​៣-​ជនដៃដល់​។​

តារាចម្រៀង​ស្រី​ពូកែ​ខាង​ក្បាច់​រាំ​កញ្ញា ទេព បូ​ព្រឹក្ស កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៨​កន្លងមកនេះ​បាន​រង​នូវ​​​អយុត្តិធម៌​មួយ​បន្ទាប់​នាង​ត្រូវបាន​ការប្រមាថ​មើលងាយ​កិត្តិយស​លើ​ខ្លួន​ជា​ស្ត្រី​ខ្មែរ​ពី​សំណាក់​បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​និង​​សង្ស័យ​ថា​ត្រូវជា​កូនប្រុស​របស់​ថៅកែ​ហាង​យីហោ សមុទ្រ ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​១១៨ ជិត​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ៕​


  

អត្ថបទទាក់ទង