ភ្នំពេញ ៖ តារាសម្តែងលោក អេឡិច ចាន់ត្រា បានបង្ហាញអារម្មណ៍ហួសចិត្ត បន្ទាប់ពីជួបរឿងស៊យមួយ ខណៈដែលរថយន្តរបស់លោកត្រូវបានរថយន្តកូរ៉េមួយគ្រឿងបើកមកកៀរបណ្តាលឲ្យឆ្កូតថ្នាំមួយចំហៀងផ្នែកខាងមុខ។ ប៉ុន្តែជាលទ្ធផលគឺម្ចាស់រថយន្តរូបនោះ មិនព្រមឈប់ធ្វើការដោះស្រាយនោះទេ។
រថយន្តកូរ៉េ ដែលបង្កហេតុនោះ ត្រូវបានសាមីខ្លួនលោក អេឡិច ចាន់ត្រា ថតបានស្លាកលេខគឺភ្នំពេញ 2Q-5175 ។ ប៉ុន្តែទីតាំងនិងពេលវេលានៃគ្រោះថ្នាក់នេះពុំត្រូវបានតារាប្រុសរូបនេះបញ្ជាក់ឲ្យច្បាស់នៅទេគ្រាន់តែលោកសរសេរបង្ហាញពីអារម្មណ៍ហួសចិត្តចំពោះម្ចាស់រថយន្តនោះតែប៉ុណ្ណោះ។
លោក អេឡិច ចាន់ត្រា បានរៀបរាប់ថា សូមសរសើរការបើកបររបស់ម្ចាស់ឡានកូរ៉េខាងលើនេះព្រោះគាត់បានបើកកៀរឡានខ្ញុំហើយមិនព្រមទទួលខុសត្រូវ ហើយមិនឈប់ដោះស្រាយជាមួយទៀត។ សូមជួយស៊ែរម្នាក់មួយផង។
ដោយឡែកឆ្លើយនឹងការសួរនាំរបស់អ្នកគាំទ្រលោក អេឡិច ចាន់ត្រា បានបន្តថា អត់អីទេគ្រាន់តែចង់ឲ្យពួកគាត់បើកបរអោយមានការប្រុងប្រយ័ត្នជៀសវាងការបង្កគ្រោះថ្នាក់ដល់អ្នកដទៃទៀត។
លោក អេឡិច ចាន់ត្រា បើសង្កេតពីអាជីពសិល្បៈគឺមួយរយៈពេលចុងក្រោយនេះហាក់មានការមមាញឹកគួរសមទាំងអាជីពសម្តែងនិងដើរម៉ូដជាដើម។មិនតែប៉ុណ្ណោះតារាប្រុសរូបនេះក៏អាចមានឱកាសកើបលុយបានច្រើនពីអាជីពសិល្បៈមួយនេះទៀតផង៕