អ្នកស្រី ម៉ែន ចិន្តា និង​ស្វាមី​ចែក​រំលែក​ក្តី​ស្រលាញ់​ជូន​សិស្ស​ និង​ប្រជាពលរដ្ឋ​ជាង​៤០០​នាក់​នៅ​ស្រុក​ព្រៃនប់

Spread the love

ភ្នំពេញ ​៖​ ប្រធាន​សមាគម​កូន​ខ្មែរ​ប៊ូ​ឆន់​នៅ​ប្រទេស​កូរ៉េ​អ្នកស្រី ម៉ែន ចិន្តា និង​ស្វាមី​រួម​ទាំង​តារា​ប្រុស​VJ ALaskoo នៅ​​​ថ្ងៃទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ ​បាន​នាំ​យក​អំណោយ​ និង​សម្ភារៈ​សិក្សា​មួយ​ចំនួន​ចុះ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ និង​សិស្ស​មាន​ចំនួន​ប្រមាណ​ជាង​៤០០​នាក់។

សកម្មភាព​នៃ​ការ​ចុះ​ចែក​អំណោយ​និង សម្ភារៈ​សិក្សា​ជូន​ដល់​ប្រជាពលរដ្ឋ​- សិស្ស​ពី​សំណាក់​ប្រធាន​សមាគម​កូន​ខ្មែរ​ប៊ូ​ឆន់​អ្នកស្រី ម៉ែន ចិន្តា​និង​ស្វាមី​រួមទាំង​សិល្បករ​ខ្មែរ​ខាងលើនេះ ​គឺធ្វើឡើង​ដើម្បី​រួមចំណែក​ក្នុង​ការងារ​ជួយ​សង្គម​និង​ចែករំលែក​ក្តី​ស្រលាញ់​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​និង​សិស្ស​ស្ថិតនៅ​ភូមិ​បត់​សិ​មាន់​ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

ចំពោះ​ការចុះ​ចែករំលែក​ក្តី​ស្រលាញ់​នេះ​ខាងលើ​នេះដែរ​ គឺ​បង្កើត​ឡើងជា​កម្មវិធី​សប្បុរសធម៌​ក្រោម​ប្រធានបទ​អប់រំ បរិស្ថាន​ស្អាត ភូមិ​ស្អាត សុខភាព​ល្អ និង សប្បុរសធម៌។ ដោយ​ក្នុងនោះ​មានគ្រួសារ​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន​១៣០​គ្រួសារ ​ដែល​ទទួល​បាន​អំណោយ​ជា​អង្ករ​ក្នុង​១​គ្រួសារ ២៥​គីឡូ ,​មី​១​កេស ​និង​ថវិកា​៣​ម៉ឺន​រៀល។ ចំណែកឯ​សិស្សានុសិស្ស​មកពី​សាលាបឋមសិក្សា​ចំនួន​២​ផ្សេងគ្នា​គឺ​ទទួលបាន​អាវយឺត​ម្នាក់​១​ និង​ថវិកា​៥០០០​រៀល​ ហើយ​លោកគ្រូ អ្នកគ្រូ​ចំនួន​២០​នាក់ ​ក៏​ទទួល​បាន​អាវយឺត​ក្នុង​ម្នាក់​១​និង​ថវិកា​៣​ម៉ឺន​រៀល​ផងដែរ។

ក្រៅពី​នេះ​ ប្រធាន​សមាគម​កូន​ខ្មែរ​ប៊ូ​ឆន់​អ្នកស្រី ម៉ែន ចិន្តា ក៏បាន​ជូន​ដល់​ចាស់ៗ ​និង​ក្រុម​អ្នកថែរក្សា​សណ្ដាប់ធ្នាប់​ផងដែរ​ ដោយ​សរុប​ថវិកា​​សប្បុរសធម៌​នេះ ​មាន​ចំនួន​ជិត​១​ម៉ឺន​ដុល្លារ។លើសពីនេះទៅទៀត​នៅក្នុង​សកម្មភាព​ចុះទៅ​ចែក​អំណោយ​និង​សម្ភារៈ​សិក្សា​ជូន​ដល់​ប្រជាពលរដ្ឋ​-​សិស្ស​នៅ​ស្រុក​ព្រៃនប់​នេះដែរ​ អ្នកនាង ម៉ែន ចិន្តា និង ស្វាមី​ក៏បាន​សម្រេច​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​ដើម្បី​ផ្តល់ជូន​ការ​ដូង​អនុស្សាវរីយ៍​នូវ​ផ្លូវ​ចាក់​បេតុង​មួយ​ខ្សែ​ប្រវែង​ជាង​២​គីឡូម៉ែត្រ​ជា​ចំណង​ដៃដល់​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ផងដែរ​។​

សូម​បញ្ជាក់​ថា ​នេះ​ពុំ​មែន​ទើប​ជា​លើកទីមួយ​សម្រាប់​អ្នកនាង​ម៉ែន​ ចិន្តា​ ដែលមាន​ប្រវត្តិ​ពី​ក្មេង​ស្រី​ទួល​នំ​បញ្ចុក​គីឡូ​លក់​តាម​ភូមិ​លក់​រហូត​ជោគជ័យ​ផ្លូវ​ជីវិត​ក្លាយ​ជា​អ្នកជំនួញ​នោះ​ទេ ​ដែល​បាន​ចូលរួម​ចែករំលែក​ក្តី​ស្រលាញ់​តាមរយៈ​ការចែក​អំណោយ ​និង​សម្ភារៈ​សិក្សា​ជូន​ដល់​សិស្ស និង ប្រជាពលរដ្ឋ​ខ្វះខាត​នោះ​ទេ​ ពោល​គឺ​មាន​ច្រើន​មក​ហើយ៕

Facebook Comments

អត្ថបទទាក់ទង