ឧកញ៉ា ម៉ុង ឫទ្ធី ​ទម្លាយ​ពី​មូលហេតុ ​ដែល​មិន​ប្រតិកម្ម​ភ្លាមៗ​ ​ក្រោយ​ចាប់​ខ្លួន​កម្មករ​ម្នាក់​នេះ

Spread the love

កំពត ​៖​ កម្មករ​ ដែល​លួច​ម៉ូតូ​ពី​កន្លែង​កសិដ្ឋាន​ រួច​រត់​គេច​ខ្លួន​ ពេលនេះ ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កំពត​ស្រាវជ្រាវ​ ​ចាប់​ខ្លួន​បាន​ហើយ​ បន្ទាប់ពី​មានការ​ប្រកាស​ពី​សំណាក់​លោក​ឧកញ៉ា ម៉ុង ឫទ្ធី នៅ​លើ​បណ្ដាញ​សង្គម Facebook កាលពី​ថ្មីៗ​នេះ។ ក្រោយ​ចាប់​បាន​ភ្លាម​លោក​ឧកញ៉ា ​ក៏​មិន​បាន​​ប្រតិកម្ម​ ឬ​និយាយ​អ្វី​ដែរ ​ទើប​តែ​មុន​នេះ​ ទើប​លោក​បញ្ជាក់​ពី​មូលហេតុ ​ដែល​មិន​ឆ្លើយ​តប​ភ្លាម​ចំពោះ​ករណី​នេះ។

បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​មានឈ្មោះ សាត់ ភ​ត្ត្រា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង។ ជនសង្ស័យ​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​៣០ ​ខែមីនា​ ស្ថិតនៅ​ចម្ការ​មួយកន្លែង ក្នុង​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត។

ការឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​បានធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​ម្ចាស់​ម៉ូតូ​ឈ្មោះ ជុំ ជី​វ័​ន្ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរ​ពង្រ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ពី​ករណី​ជនសង្ស័យ​ដែល​ស្គាល់​រាប់អាន​គ្នា​ខ្ចី​ម៉ូតូ​ម៉ាក Suzuki .Lets ជិះ​កាលពី​ថ្ងៃទី​២៤ ខែមីនា ប៉ុន្តែ​បែរជា​រួច​គេចខ្លួនបាត់​រហូត​តាំង​ពីថ្ងៃ​នោះមក​។​

ក្រោយ​ចាប់​ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ​រូបគេ​ពិតជា​បាន​ខ្ចី​ម៉ូតូ​ម៉ាក ពី​ឈ្មោះ ជុំ ជី​វ័​ន្ត ជិះ​មែន ​ដោយ​ខណៈនោះ​ខ្លួន​បាន​យក​ម៉ូតូ​នោះ​ទៅ​បញ្ចាំ​នៅ​ភ្នំពេញ បាន​ប្រាក់​ចំនួន ៤៩៥ ដុល្លារ​។ កន្លងមក​ក្រៅពី​ឆបោក​ម៉ូតូ​ខាងលើ​រូបគេ​ក៏​ធ្លាប់​ប្រព្រឹត្ត​ករណី​បោក​នេះ​ជា​ញឹកញាប់​មកហើយ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី។

ងាយ​មក​រឿង ​ដែល​​​មិន​បាន​ប្រតិកម្ម​ភ្លាមៗ​នោះ​វិញ ​ត្រូវ​បាន​លោក​ឧកញ៉ា​​បញ្ជាក់​ពី​មូលហេតុ​ដូច្នេះ​ថា ប្រហែលជា​ប្រិយមិត្ត​យើង​មាន​ចម្ងល់​ហើយ​មើល​ទៅ​ថា​តើ​ហេតុអ្វី​បានជា នៅក្រោយពេល​សមត្ថកិច្ច​ខេត្តកំពត​ចាប់ខ្លួន​ជនល្មើស​បាន​ហើយ មិនឃើញ​មានប្រតិកម្ម​ណាមួយ​ពី​ខ្ញុំ គួរ​អោយ​កត់សម្គាល់​ក្រៅពី​ថ្លែងអំណរគុណ​ដល់​សមត្ថ​កិច្ច។ នេះ​ក៏ដោយសារ​តែ​ខ្ញុំ​​​​ ​រង់ចាំ​ស្ដាប់​មតិយោបល់​ពី​ប្រិយមិត្ត​យើង​សិន ឃើញ​ថា​៩៩%​គាំទ្រ​និង​លើកសរសើរ​ចំពោះ​ស្នាដៃ​របស់​សមត្ថកិច្ច ឯ​១%​ទៀត​សុំអោយ​ខ្ញុំ​យកទៅ​អប់រំ​នៅតាម​បណ្តា​កសិដ្ឋាន។

បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច និង​អ្នក​ដែល​ត្រូវ​ចាញ់បោក​វា​កន្លងមក​បាន​អោយ​ដឹងថា អានេះ​មាន​ជំនាញ​ខាង​បោកប្រាស់ សូម្បីតែ​ស្រី​កំណាន់​របស់​វា​បាន​ខ្លួន​គ្នា​ហើយ​បោក​យកលុយ​និង​ម៉ូតូ​របស់​គ្នា​ថែមទៀត ទៅសុំ​គេ​ធ្វើ​ព្រូឡាន​បោក​យក​ម៉ូតូ​អ្នកបើកបរ​ទៅ​បាត់​ទៀត វា​មាន​លិខិត​បាញ្ចាំ​ម៉ូតូ​ជាប់​នឹង​ខ្លួន​វា​ចំនួន​បី​គ្រឿង សំណាង​ធំ​ហើយ​ហាង​ទឹកកក​តា​បារាំង​សាច់​ក្តាម ថ្ងៃទី​៣០​ខែ​មីនា​ឆ្នាំ​២០១៨​នេះ​ត្រូវ​ទទួល​អោយ​វា​ចូលធ្វើការ បើ​កុំ​តែ​សមត្ថកិច្ច​ចាប់ខ្លួន​វា​បាន​ទាន់ពេល​កុំ​អី និង​ត្រូវមាន​វាសនា​មិន​ខុសពី​ជនរងគ្រោះ​មុនៗ​រួមទាំង​រូបខ្ញុំ​ផងដែរ។

​គេ​ចាំបាន​ថា​លោក​ឧកញ៉ា ម៉ុង ឫទ្ធី បានប្រកាស​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ នៅ​ថ្ងៃទី​១៨ ខែមីនា​ឆ្នាំ​២០១៨​ជនសង្ស័យ​រូបនេះ​ឆាត​មករក​លោក​ឧកញ៉ា ដើម្បី​សុំ​រក​ការងារ​ធ្វើ​ដោយ​មិន​យក​កម្រៃ​អី្វ​ឡើយ​គឺ​សុំ​តែ​បាយ​ហូប​មួយ​ចម្អែត​ក្រពះ​ ហើយ​ពេលនោះ​លោក​ឧកញ៉ា​ក៏មាន​ក្តី​អាណិតអាសូរ​យល់ព្រម​ទទួល​មក​ធ្វើ​ការងារ​ជាមួយ​កម្មករ​ឯទៀត ​និង​បានផ្តល់​អាហារ​បី​ពេល​ក្នុង​មួយថ្ងៃ ព្រមទាំង​កន្លែង​ស្នាក់នៅ​សមរម្យ។ មិនតែប៉ុណ្ណោះ​ឧកញ៉ា​ក៏បានផ្តល់​ប្រាក់ខែ​ចំនួន ១៥០ ដុល្លា​ផងដែរ។ ប៉ុន្តែ​ជា​ចុងក្រោយ​បែរ​ ជន​សង្ស័យ​រូបនេះ​ ហ៊ាន​ធ្វើ​រឿង​បែបនេះ​រហូត លោក​ឧកញ៉ា​ប្រកាស​ក្នុង Facebook​បង្ហាញ​រូបថត​ជនសង្ស័យ​ដល់​សមត្ថកិច្ច​ដើម្បី​តាម​ចាប់ខ្លួន​នឹង​ផ្តល់​រង្វាន់​ចំនួន ១០០០ ដុល្លារ​ដល់​សមត្ថកិច្ច​ទៀតផង៕

Facebook Comments

អត្ថបទទាក់ទង