ព័ត៌មាន​លម្អិត​អំពី​ការ​ធ្លាក់​ខ្លួន​ក្រលំបាក​របស់​តារាចម្រៀង​លោក ចាន់ សម័យ

​ភ្នំពេញ​ ៖ ​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​ក្រោយពេល​មាន​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បាន​ចុះផ្សាយ​លើ​ករណី​តារាចម្រៀង​ម្ចាស់​បទ «មិន​ស្រឡាញ់​អូន​មិនបាន» និង«​សុំ​មេមាន់​១​» លោក ចាន់ សម័យ កំពុងតែ​ធ្លាក់ខ្លួន​ក្រលំបាក​រហូត​ប្រកប​របរ​ដើរ​ស្ទូច​ត្រី​តាម​ដង​ទន្លេ​​ដើម្បី​ធ្វើ​ម្ហូប​ចិញ្ចឹម​ក្រុម​គ្រួសារ​គួរ​ឲ្យ​សង្វេគ​បំផុត​។​

​ផ្អែក​តាម​ការទម្លាយ​ព័ត៌មាន​ពី​សំណាក់​ផេ​ក Movie Star Research​របស់​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បាន​រៀបរាប់ថា តើ​ពិត​ដែររឺទេ ដែល​ព័ត៌មាន​បាន​ចុះផ្សាយ​ថា លោក ចាន់ សម័យ បាន​ធ្លាក់ខ្លួន​ដុនដាប ? ជាដំបូង​នេះ​គេហទំព័រ​យើងខ្ញុំ សូម​រៀបរាប់​ពី​ភាពល្បីល្បាញ​របស់លោក ចាន់ សម័យ កាលពី​ទសវត្សរ៍ ២០០០។​

​ប្រភព​បាន​បន្តថា លោក ចាន់ សម័យ គឺជា​តារាចម្រៀង​ដ៏​ល្បីល្បាញ​បំផុត​ក្នុងអំឡុង​ឆ្នាំ ២០០០ បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​លោក​ល្បីល្បាញ​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ​និង​គ្រប់​បណ្ដា​វ័យ​មិន​ថា​ចាស់​ឬ​ក្មេង ដែល​បទ​ចម្រៀង​ទាំងនោះ​ស្ថិតនៅក្នុង​បេះដូង​ទស្សនិកជន​រហូតមក​ដល់​បច្ចុប្បន្ននេះ​ ដោយមាន​ដូចជា​បទ​៖ (​មិន​ស្រឡាញ់​អូន​មិនបាន​) (​មិនអាច​គ្មាន​អូន​) (​ស្នេហ៍​ក្រោម​ពន្លឺ​កាំជ្រួច​) និង​បទ​ចម្រៀង​ជាច្រើន​ទៀត ដែល​បទ​ចម្រៀង​ទាំង​៣​បទ​នេះ នៅក្នុង​ផលិតកម្ម ព្រះវិហារ ដែល​បាន​ចាក់​បញ្ចូល​ក្នុង​ខ្សែភាពយន្ត​ភាគ​ដ៏​ល្បីល្បាញ របស់​ចិនតៃវ៉ាន់​គឺ​រឿង (F4) នៅក្នុង​ឆ្នាំ ២០០១​និង​២០០២។​

ផេ​ក Movie Star Research​របស់​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា និយាយទៀតថា ​មួយរយៈ​ចុងក្រោយ​នេះ​គេ​សង្កេតឃើញថា លោក ចាន់ សម័យ ហាក់បីដូចជា​ផ្តាច់ខ្លួន​ឆ្ងាយ​ពី​ពិភព​សារព័ត៌មាន រួមទាំង​ប៉ុស្តិ៍​ទូរទស្សន៍​នានា​និង​មិត្ត​រួម​អាជីព​ជាដើម​។ លោក​ចង់​រស់នៅ​បែប​ស្ងប់ស្ងាត់ ហើយ​លោក​ក៏​ជា​មនុស្ស​ម្នាក់​ដែល​មិន​ចូលចិត្ត​រៀបរាប់​ពី​ការ​លំបាក​របស់ខ្លួន​អោយ​នរណាម្នាក់​ដឹង​ដែរ។​

ប្រភព​ដដែល​នេះ​បញ្ជាក់ថា បើតាម​ប្រភព​អ្នក​ជិតស្និទ្ធ​របស់លោក ចាន់ សម័យ ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រាយការណ៍​ថា​កន្លងមក​លោក​ចាន់ សម័យ ធ្លាប់បាន​ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​នៅពេលដែល​លោក​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ត្រូវបាន​ចោរលួច​កាបូប​លុយ​របស់លោក ដូច្នេះ​ប្រាក់​ដែល​បានមកពី​ការសម្តែង​ត្រូវបាន​បាត់បង់​ទាំងអស់ ថែមទាំង​ខ្លួន​កំពុង​ជួប​បញ្ហា​ពិបាក សព្វថ្ងៃនេះ​លោក ចាន់ សម័យ គ្មាន​មធ្យោបាយ​ក្នុងការ​ធ្វើដំណើរ​ទេ ហើយ​លោក​ត្រូវ​ទទួល​រ៉ាប់រង​ចិញ្ចឹម​គ្រួសារ ប្រពន្ធ​និង​កូន​ចំនួន​ប្រាំ​នាក់ (​កូនភ្លោះ​ពីរដង​និង​ម្នាក់ទៀត​សរុប​កូន​ទាំងអស់​ប្រាំ​នាក់​)​។​

​លោក ចាន់ សម័យ​បច្ចុប្បន្ន​គ្មាន​ផ្ទះ​ទេ​គឺ​រស់នៅ​ផ្ទះជួល​គេ។ តាម​ប្រភព​នោះបាន​បន្ថែមទៀតថា​លោក​ចាន់ សម័យ​រាល់ពេល​ទៅ​ច្រៀង​តាម​កម្មវិធី​ម្តងៗ​លោក​តែងតែ​អង្គុយ​ឆ្ងាយ​ពី​អ្នកសិល្បៈ​ផ្សេងៗ​ទោះបី​ចប់​កម្មវិធី​មិត្តភក្តិ​សិល្បៈ​ជូន​លោក​ទៅផ្ទះ​ក៏​លោក​អោយគេ​ឈប់​ពាក់​កណ្ដាលផ្លូវ មិន​ព្រមអោយ​ជូន​ដល់ផ្ទះ​។​ លោក​ហាក់ដូចជា​ចង់​លាក់បាំង​ពី​ការលំបាក​របស់លោក ហើយ​លោក​ថែមទាំង​ឈឺ​ជើង​អស់​រយៈពេល​ជាង​ដប់ឆ្នាំ​ហើយ ​ប៉ុន្តែ​លោក​ហាក់ដូចជា​មិន​អើពើ ដោយសារ​លោក​មិនមាន​ថវិកា​ដើម្បី​ព្យាបាល ។​ប្រភព​លើកឡើង​។​

​ផេ​ក Movie Star Research និយាយទៀតថា ចំណែក​រូបភាព​ស្ទូចត្រី​នោះ​ទីមួយ​ការ​ស្ទូចត្រី​គឺជា​ចំណូលចិត្ត​របស់លោក​ និង​ទី​ពីរ​ដើម្បី​ធ្វើ​ម្ហូប​ពិតមែន​ហើយ​ទឹកមុខ​របស់លោក​សព្វថ្ងៃ​ទោះជា​មិន​និយាយ​ក៏​គេ​គ្រប់គ្នា​អាច​យល់បាន​ថា​លោក​ពិតជា​មាន​ភាព​ទុក្ខលំបាក​យ៉ាងខ្លាំង​ ហើយ​ចំពោះ​ព័ត៌មាន​មួយ​នេះ Movie Star Research យើងខ្ញុំ​សូម​អភ័យទោស​ចំពោះ​លោក ចាន់ សម័យ​ផង​ព្រោះ​យើងខ្ញុំ​បានដឹង​ច្បាស់​ថា លោក​មិន​ចង់អោយ​សារព័ត៌មាន​ណាមួយ​ចុះផ្សាយ​ពី​លោក​នោះទេ ប៉ុន្តែ​ដោយសារ​យើងខ្ញុំ មានចិត្ត​និង​បេះដូង​ធ្លាប់ជា​មិត្ត​សិល្បៈ​រួម​អាជីព​ជាមួយគ្នា បើ​យើង​មិន​និយាយ តើ​មាន​អ្នកណា​ដឹង ?។​

​ប្រភព​បាន​បន្ថែមថា កុំអោយ​ដល់ពេល​គ្នា​យ៉ាប់​ខ្លាំង​រហូតដល់​ស្លាប់​ជីវិត ទើប​ម្នាក់ៗ​ដឹងលឺ​ខ្នះខ្នែង​ជួយ ប៉ុន្តែ​អ្វីៗ​ត្រូវបាន​ហួសពេល​អស់​ទៅហើយ ។ ហើយ​នាង​ខ្ញុំ ស៊ិន ឧត្ដម​ផល្លា ដែលជា​ម្ចាស់​ផេ​ក Movie Star Research សូម​អំពាវនាវ​ដល់​បណ្ដា​ផលិតកម្ម​នឹង​តាម​ស្ថានីយទូរទស្សន៍​ទាំងអស់ សូមមេត្តា​ផ្តល់ឱកាស​អោយ​លោក​ចាន់ សម័យ ឡើង​ច្រៀង​ផង​ដើម្បី​ចិញ្ចឹមជីវិត​នឹង​គ្រួសារ​ទាំងមូល​សូម​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ​របស់លោក​ផ្ទាល់​៖ ០១៧ ៥៥៧ ២២១ លេខ​នេះ​ត្រូវបាន​ប្រភព​អ្នក​ជិតស្និទ្ធ​នោះ​ជា​អ្នក​ប្រាប់៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme