រោង​កុន​មួយ ​មាន​តែ​គ្រែ​និង​ពូក សម្រាប់​​​មនុស្ស​ពីរ​នាក់ ​តើ​សម្រាប់​ធ្វើ​អី​ទៅ​ហ្ន៎!

ភ្នំពេញ ​៖ ​បន្ទាប់ពី​ធ្វើ​ការ​ស្រាវជ្រាវ ​និង​រក​ឃើញ​ថា​ ទីតាំង​រោងកុន​មួយកន្លែង​មានឈ្មោះ Home Cinema ហាក់​បង្កប់​ភាព​មិន​ប្រក្រតី​នោះ​​ លោក ហ៊ាង ថា​រ៉េត អធិការរង នគរបាល​ខណ្ឌ​ចំការមន​បាន​ដឹកនាំ​កម្លាំង​​សមត្ថកិច្ច​ចុះ​បិទ​ទីតាំង​ខាងលើ​ ក្រោម​ការ​សម្របសម្រួល​ផ្លូវច្បាប់​ពី លោកស្រី កែវ សុគន្ធា​ ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ។

ប្រតិបត្តិ​ការ​ ចុះ​បិទ​ទីតាំង​រោងកុន​ខាងលើនេះ​ បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨​ស្ថិតនៅ​ចំណុច​ទីតាំង​ផ្ទះ​លេខ​S-32 ផ្លូវ​ស៊ី​ល​វ័រ ភូមិ​៤ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ខណ្ឌ​ចំការមន​និយាយថា ​ប្រតិបត្តិការ ចុះ​បិទ​ទីតាំង​បញ្ចាំង​កុន​ឈ្មោះ Home Cinema គឺ​ដោយ​រក​ឃើញ​មាន​ភាព​មិនប្រក្រតី​ក្រោម​ហេតុផល​គួរ​ឲ្យ​សង្ស័យ​ព្រោះថា វា​ចម្លែក​ត្រង់​ថា​រោងកុន​មួយ​នេះ ​ពុំ​​​មាន​រៀបចំ​ជា​កៅអី​សម្រាប់​អង្គុយ​ទស្សនា​នោះ​ឡើយ​។​ផ្ទុយទៅវិញ​បែរជា​រៀបចំ​ដាក់​គ្រែ​និង​ពូក សម្រាប់តែ​មនុស្ស​ពីរ​នាក់ ដេក​មើល​ទៅវិញ។

លោក ហ៊ាង ថា​រ៉េត បាន​អំពាវនាវ​ចំពោះ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវតែ​ត្រួតពិនិត្យ ឲ្យ​ច្បាស់​មុន​នឹង​ចេញ​អាជ្ញាប័ណ្ណ ប្រកប​របរ​អាជីវកម្ម បែបនេះ ដោយហេតុថា​ការ​បើក​ទីតាំង​បញ្ចាំង​កុន​ខាង​លើនេះ​ភាគច្រើន​ពុំ​មាន​មនុស្ស​ចាស់​ចូល​ទស្សនា​ទេ ​គឺ​សុទ្ធសឹងតែ​ក្មេង​ស្ទាវៗ ដែល​អាច​នាំ​ឲ្យ​ពួកគេ​ប្រព្រឹត្ត​ទង្វើ​​ខុស​សីលធម៌​ក្នុង​សង្គម៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

Updated: February 12, 2018 — 11:52 pm

Leave a Reply

Your email address will not be published. Required fields are marked *

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme