មេ​ប៉ូលិស​ក្រុងភ្នំពេញ ​បញ្ជា​ឲ្យ​ស្វែងរក​ចាប់ខ្លួន​ក្រុម​អ្នក​បង្ក​ហិង្សា​លើ​លោក​បណ្ឌិត ស៊ុយ សារ៉េត

ភ្នំពេញ ​៖​ ក្រោយ​ពេល​ផ្ទុះ​នូវ​ហិង្សា​វាយ​កម្ទេច​រថយន្ត​ និង​បង្ក​ឲ្យ​មាន​របួស​ស្នាម​ធ្ងន់ធ្ងរ​​ សល់​តែ​ដង្ហើមចង្រិត​មក​លើ​លោក​បណ្ឌិត ស៊ុយ សារ៉េត សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​កម្ពុជា​ពី​សំណាក់​ក្រុម​ប្រជាពលរដ្ឋ​កាលពី​រសៀល​ថ្ងៃ​ទី​១១ ​ខែមីនា​ម្សិលមិញ​ ពាក់ព័ន្ធ​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ ទីបំផុត​ស្នងការ​រាជធានី​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ក្រុម​អ្នក​បង្ក​ហិង្សា​ខាងលើ។

មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​១២ ​ខែមីនា​ ឆ្នាំ​២០១៨​នេះ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការ​រង​នគរបាលជាតិ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានបញ្ជាក់​ថា​ ករណី​ហិង្សា​នេះ ​លោក​កំពុងតែ​ដាក់​បញ្ជា​ឲ្យ​ប៉ូលិស​ធ្វើការ​ស្រាវជ្រាវ​ និង​តាម​ចាប់ខ្លួន​ជនបង្ក​ហិង្សា​ដោយ​ចេតនា​បណ្ដាល​ឲ្យ​មាន​អ្នក​រងរបួស​ ឬ​អាច​ឈាន​ដល់​ស្លាប់​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បង្កឡើង​ដោយ​លោក​បណ្ឌិត ស៊ុយ សារ៉េត។

នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បាន​មានប្រសាសន៍​ទៀតថា ​នេះ​ជា​បទល្មើស​ជាក់ស្ដែង​ដែល​ជនល្មើស​បាន​បង្ក​ហិង្សា​ដោយ​ចេតនា​ទៅលើ​អ្នកដទៃ​ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ ហើយ​យើង​អាច​ស្រាវជ្រាវ​តាម​ចាប់​ក្នុង​រយៈពេល​១​សប្ដាហ៍​ដោយ​មិនបាច់​សុំ​ដីកា​ពី​តុលាការ​បើ​លើស​ពីនេះ​នឹង​សុំ​ដីកា​ពី​តុលាការ​តាម​ចាប់ខ្លួន​ពួកគេ​… ។

នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បាន​សង្កត់ធ្ងន់​ថា បញ្ហា​នេះ​វា​បង្ហាញ​ពី​ភាព​អសីលធម៌​នៅក្នុង​សង្គម​ខ្មែរ​បើទោះបីជា​អ្នកបើកប​រថយន្ត​រូបនោះ​(​លោក​បណ្ឌិត ស៊ុយ សារ៉េត​)​បើកបរ​ដោយ​ធ្វេសប្រហែស​ក្នុងករណី​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ក៏ពិតមែន ប៉ុន្តែ​ច្បាប់​ក៏​អនុវត្តន៍​ទោសទណ្ឌ​ទៅតាម​ហ្នឹង​ដែរ។ បើ​មាន​អ្នករបួសធ្ងន់​ឈានដល់​ពិការ​ឬ​ស្លាប់​អាច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ តែបើ​ត្រឹម​របួសស្រាល​គឺជា​បទល្មើស​ក្នុង​រដ្ឋប្បវេណី​ប៉ុណ្ណោះ។

លោក ជួន សុវណ្ណ បាន​បន្ថែមថា តាម​របាយការណ៍​ពី​សមត្ថកិច្ច​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​រះ​នេះ​គឺ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ទេ​ ពោលគឺ​ត្រឹម​របួសស្រាល​ម្នាក់​ប៉ុណ្ណោះ ​ហើយ​រឿង​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​សោកស្ដាយ​នោះ​គឺ​ករណី​បង្ក​ហិង្សា​ដែល​កើតចេញពី​មនុស្ស​ជាច្រើន​បើក​ម៉ូតូ​ប្រដេញ​តាម​អ្នកបើកបរ​រថយន្ត​តាំងពី​ចំណុច​ទួល​សង្កែ​ខណ្ឌឫស្សីកែវ រហូត​ចុងក្រោយ​បានធ្វើ​សកម្មភាព​វាយ​និង​កម្ទេច​រថយន្ត​បណ្តាល​ឲ្យ​លោក​បណ្ឌិត ស៊ុយ សារ៉េត សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​កម្ពុជា​រង​របួសធ្ងន់​ស្ទើរតែ​ស្លាប់​ផង​នោះ៕


Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

Leave a Reply

Your email address will not be published. Required fields are marked *

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme