បណ្ឌិត ស៊ុយ សារ៉េត ដឹងខ្លួន​ហើយ ​បន្ទាប់ពី​បញ្ជូន​ទៅ​វៀតណាម​,​ ខណៈ​មានការ​ស្នើ​​ឲ្យ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស

ភ្នំពេញ ៖​ លោក​បណ្ឌិត​ស៊ុយ សារ៉េត ដែល​រងគ្រោះ​ដោយ​ការ​ប្រើ​ហិង្សា​ពី​សំណាក់​តុលាការ​​​ប្រជាពលរដ្ឋ​ ក្រោយពី​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍​ ហើយ​លោក​បាន​ព្យាយាម​បើ​រត់គេច​នោះ ​បន្ទាប់ពី​ពិនិត្យ​ឃើញ​មាន​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ភ្លាមៗ​នេះ​ លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​កាលពី​យប់មិញ។

យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ផែង វណ្ណៈ​ ដែល​សរសេរ​ដកស្រង់​សម្តី​ពី​ក្រុមគ្រួសារ​លោក​បណ្ឌិត ស៊ុយ សារ៉េត បាន​អះអាងថា ​បច្ចុប្បន្ន​លោកគ្រូ ស៊ុយ សារ៉េត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។ ​គាត់​បានដឹងខ្លួន​ឡើងវិញ​ ហើយ​គាត់​រងគ្រោះ​ធ្ងន់​ត្រង់ មាត់ និង​ធ្មេញ ពេលនេះ​កំពុង​រង់ចាំ​លទ្ធផល​ពិនិត្យ​ខួរក្បាល​ពី​គ្រូពេទ្យ។

ស្របពេល​ជាមួយគ្នានេះ​ក៏​មានមតិ​លើកឡើង​ជាច្រើន​ជុំវិញ​ករណី​ខាងលើ​ ដោយ​ក្នុង​នោះគេ​សង្កេតឃើញ​មានការ​លើកឡើង​ផ្សេងៗ​គ្នា​ ខណៈ​មួយចំនួន​បាន​រិះគន់​នូវ​ទង្វើ​កាត់សេចក្តី​ដោយ​វិធី​ហិង្សា​របស់​ប្រជាពលរដ្ឋ​មកលើ​កលោក​បណ្ឌិត ស៊ុយ សារ៉េត។ ចំណែក​មួយចំនួនទៀត​បាន​និយាយថា ​នេះ​គឺជា​កំហុស​របស់​លោក​បណ្ឌិត ស៊ុយ សារ៉េត ដែល​បុក​គេ​ហើយ​បែរជា​គ្មាន​ទំនូល​ខុសត្រូវ​ដើម្បី​ដោះស្រាយ​ជាមួយ​ជនរងគ្រោះ​ ហើយ​ព្យាយាម​បើក​រត់​គេ​ទើប​ក្លាយ​ជា​រឿង​បែបនេះ។

យ៉ាងណាមិញ​ក៏មាន​ប្រភព​ខ្លះទៀត​បានស្នើ​​ឲ្យ​សមត្ថកិច្ច​ត្រូវមាន​វិធានការ​ចំពោះ​ករណី​នៃ​ការ​ប្រើ​ហិង្សា​វាយកម្ទេច​រថយន្ត​និង​បង្ក​របួសស្នាម​ស្ទើរតែ​សល់​ដង្ហើមចង្រិត​មកលើ​លោក​បណ្ឌិត ស៊ុយ សារ៉េត ផងដែរ​ ដោយហេតុថា​ប្រសិនបើ​គាត់​ខុស​មែន​ត្រឹមតែ​ឃាត់ខ្លួន​ទុក​ដើម្បី​ប្រគល់​ឲ្យ​សមត្ថកិច្ច​យកទៅ​ដោះស្រាយ​តាមច្បាប់​ទៅ​គឺជា​រឿង​ល្អ​តែ​នេះ​ក្លាយជា​រឿង​ហិង្សា​ផ្ទុយ​ពី​ច្បាប់។

សូមបញ្ជាក់ថា​លោក​បណ្ឌិត​ស៊ុយ សារ៉េត សាស្ត្រាចារ្យ​សកល​វិទ្យាល័យ​កម្ពុជា ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ស្ថិតនៅ​ម្តុំ​វត្ត​ទួល​ខណ្ឌឫស្សីកែវ​កាលពី​រសៀល​ថ្ងៃទី​១១​ ខែកុម្ភៈ ​ឆ្នាំ​២០១៨ និង ត្រូវបាន​ប្រជាពលរដ្ឋ​រួមទាំង​ក្រុម​អ្នករត់ម៉ូតូឌុប​ព្រួត​វាយ​សល់​តែ​ដង្ហើមចង្រិត​នោះ កំពុង​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។​

ប្រភពពី​កន្លែងកើតហេតុ​បាន​និយាយថា ដំបូង​រថយន្ត​បង្ក​របស់លោក​បណ្ឌិត​ស៊ុយ សារ៉េត បាន​បើក​បុក​មនុស្ស​នៅ​ម្តុំ​វត្ត​ទួល តែ​ភ្លាមៗ​នោះ បាន​បន្ត​បើក​រត់គេច​តាមផ្លូវ​រហូតដល់​ម្តុំ​ផ្សារ​ធំថ្មី រួចមក​ក៏​បន្ត​បើក​រត់គេច​តាមផ្លូវ​ម្តុំ​ផ្សារ​ដេប៉ូ ហើយក៏​បាន​បុក​រះ​ប្រជាពលរដ្ឋ​តាមផ្លូវ​ជា​បន្តទៀត​។ ខណៈនោះ​លោក​មិន​ឈប់​ក៏​បន្តទៅ​ម្តុំ​ក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ ដោយមាន​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ប្រដេញ​ប្រមាណ​២០០​គ្រឿង៕

 

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

Updated: March 12, 2018 — 11:30 am

Leave a Reply

Your email address will not be published. Required fields are marked *

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme