មេចោរ​ប្លន់​​​ដ៏​សកម្ម​ម្នាក់​ឆ្លងដែន​ពី​ព្រៃវែង​មក​លាក់ខ្លួន​នៅ​ភ្នំពេញ ​ទីបំផុត​សមត្ថកិច្ច​ក្របួច​ជាប់

ភ្នំពេញ​ ៖ ​ដោយមាន​កិច្ចសហការ​គ្នា​រវាង​កម្លាំង​នគរបាល​ខេត្តព្រៃវែង ​និង​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ ​បាន​បើក​ប្រតិបត្តិ​ការ​ចុះ​ចាប់ខ្លួន​មេចោរ​ប្លង់​ប្រដាប់​អាវុធ​ដ៏​សកម្ម​ម្នាក់ ​ដែល​បាន​រត់គេចខ្លួន​ពី​ទឹកដី​ខេត្តព្រៃវែង​មក​សម្ងំ​លាក់ខ្លួន​នៅ​ចំណុច​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ។

ប្រតិបត្តិ​ការ​ចុះ​បង្ក្រាប ​និង​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​ បានធ្វើ​ឡើង​នៅត្រង់ចំណុច​ភូមិ ស្លែង​រលើង​សង្កាត់​សែន​សុខ ​ខណ្ឌ​សែន​សុខ​ ដោយមាន​ការ​សហការ​គ្នា​រវាង​កម្លាំង​នគរបាល​ជំនាញ​ស្រុក​កំពង់ត្របែក​ និង​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ​រួមជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ។

បើ​យោង​តាម​របាយការណ៍​របស់​លោក​វរសេនីយ៍ឯក សួន សំអឿន អធិការ​ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង​បាន​ឲ្យ​ដឹង​ថា ​ការ​ចុះ​ចាន់​ខ្លួន​មេចោរ​ប្លន់​នេះ​ គឺ​បន្ទាប់ពី​មាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៩៦/០៩ ចុះ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០០៩​របស់​តុលាការ​ដំបូង​ខេត្ត​ព្រៃវែង។ ជនសង្ស័យ​ ដែល​ត្រូវបាន​ចាប់ខ្លួន​មានឈ្មោះ ស៊ូ ម៉ៅ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ ​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រះស្តេច ​ឃុំ​ចាម​ស្រុក​កំពង់ត្របែក ​ខេត្ត​ព្រៃវែង។

ប្រភព​បាន​បន្ត​ថា ​ជន​រូបនេះ​បាន​ប្រព្រឹត្ត​ករណី​ប្លន់​កាលពី​ថ្ងៃទី​២១​ ខែមេសា ​ឆ្នាំ​២០០៩​ នៅ​ចំណុច​ភូមិ​ក្រាំង​លាវ​ ឃុំ​ចាម ​ស្រុក​កំពង់ត្របែក។ ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ និង​ប្រពន្ធ​កូន បាន​គេចខ្លួនបាត់​ពី​មូលដ្ឋាន​ដែល​គិត​មកទល់​ថ្ងៃ​ចាប់ខ្លួន​គឺមាន​រយៈពេល​៩​ឆ្នាំ​មកហើយ។ ក្រោយ​ឃាត់ខ្លួន​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក​ដើម្បី​បំពេញ​នីតិវិធី​រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រៃវែង៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme