១​ករណី​ទៀត​ហើយ​! បើក​រថយន្ត​បុក​​គេ ​របួស​៣​នាក់ ព្យាយាម​បើក​រត់​ កុំ​តែ​ប៉ូលិស​ជួយ​ទាន់​កុំ​អី​…

ភ្នំពេញ​ ៖​ បុរស​ម្នាក់ រួម​ដំណើរ​ជាមួយ​នារី​ម្នាក់ទៀត បាន​ជិះ​រថយន្ត​លុច​ស៊ី​ស ​បុក​ម៉ូតូ​១​គ្រឿង​បណ្ដាល​ឲ្យ​របួស​៣​នាក់ មិន​ទទួលខុសត្រូវ បែរជា​ខំ​បើក​រត់​តាំងពី​ខណ្ឌ​ដូនពេញ​រហូតដល់​ខណ្ឌ​ចំការមន ​ទើប​ចាប់បាន ហើយ​ពេល​នោះ​សមត្ថកិច្ច​អន្តរាគមន៍​ទាន់​ពេល កុំ​អី​មិន​ដឹង​ថា​ មាន​លទ្ធផល​ដូច​បណ្ឌិត​ស៊ុយ សារ៉េត ឬ​យ៉ាង​ណា​នោះ​ទេ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២៣​និង​៥០​នាទី ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន ផ្លូវ​ព្រះសុរាម្រិត​ កែង​​ផ្លូវ​សុធារស ស្ថិត​ក្នុង​សង្កាត់​ចតុមុខ​ខណ្ឌ​ដូនពេញ។

ចំពោះ​ករណី​នេះ ទាំង​ជនរងគ្រោះ និង​ជន​បង្ក​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​ក្រោយ​ពេល​កើតហេតុ​​​ ជនរងគ្រោះ ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ឯ​ជន​បង្ក​សមត្ថកិច្ច​យក​ទៅ​កាន់​ប៉ុស្តិ៍​​ចតុមុខ។ ចំណែក​រថយន្ត និង​ម៉ូតូ ក្រោយ​វាស់វែង​រួច សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ។

ប្រភព​ព័ត៌មាន​ពី​សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ បុរស​ម្នាក់ រួម​ដំណើរ​ជាមួយ​នារី​ម្នាក់ បាន​បើក​រថយន្ត​ម៉ាក​លុច​ស៊ី​ស​RX330 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2AQ-3309 តាម​បណ្ដោយ​ផ្លូវ​ព្រះសុរាម្រិត​ ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំណុច​កើតហេតុ ​ក៏​ជ្រុល​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Today ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ កណ្ដាល​1Y-1418 ដែល​ជិះ​ដោយ​យុវជន​២​នាក់​និង​នារី​ម្នាក់​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​សុធារស​ ក្នុង​ទិសដៅ​ពី​ជើង​មក​ត្បូង បណ្ដាល​ឲ្យ​ផ្លោង​ជនរងគ្រោះ​ទាំង​៣​នាក់​ទៅលើ​ចិញ្ចើម​ផ្លូវ​រង​របួស​ធ្ងន់ធ្ងរ​ទាំង​អស់​គ្នា​តែ​ម្ដង។ ស្ថិត​ក្នុង​សភាព​បែបនេះ អ្នក​បើក​រថយន្ត​បង្ក មិនបាន​ឈប់​ទទួលខុសត្រូវ​ឡើយ គឺ​ព្យាយាម​បើក​រត់​តាំងពី​កន្លែង​កើតហេតុ រហូតដល់​ខាងក្រោយ​រោងកុន​គិរី​រម្យ ស្ថិត​ក្នុង​ខណ្ឌ​ចំការមន ​ទើប​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ចាប់​បាន។

ប្រភព​បន្ត​ថា ក្នុង​ពេល​ឃាត់ខ្លួន​នោះ សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​ បាន​ប្រញាប់​នាំ​យក​ជន​បង្ក​ទៅ​ប៉ុស្តិ៍​​​ចតុមុខ​ដើម្បី​បញ្ចៀស​ការ​បង្ក​ហិង្សា កុំ​អី​មិន​ដឹង​ថា មាន​វាសនា​ដូច​ករណី​លោក​បណ្ឌិត​ស៊ុយ សារ៉េត ឬ​យ៉ាងណា​នោះ​ទេ ចំពោះ​ការ​បើក​បុក​គេ​ហើយ​មិន​ទទួលខុសត្រូវ​នេះ៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme