មាន​អាថ៌កំបាំង​អ្វី? បានជា​មេគណ​ខេត្ត​កណ្ដាល​​​​​ថា ​គ្មាន​ការ​ចាប់​ផ្សឹក​សង្ឃ​កំហូច លន់ សុវណ្ណ​ដា

កណ្តាល ​៖ ​បន្ទាប់ពី​ផ្ទុះ​ព័ត៌មាន​នៃ​ការ​ចាប់​ផ្សឹក​សង្ឃ​១​អង្គ​ព្រះនាម លន់ សុវណ្ណ​ដា ដែល​ជា​គ្រូសូត្រស្ដាំ​នៅ​វត្ត​ស្វាយជ្រុំ​ស្ថិតនៅ​ភូមិ​ស្វាយជ្រុំ​ ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្ដាល​ ខេត្ត​កណ្ដាល​កាល​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ករណី​បង្ខំ​ក្មេង​ស្រី​មិនទាន់​ពេញ​អាយុ​រួមភេទ​រហូត​មាន​កូន​និង​គំរាម​ឲ្យ​រំលូត​ចោល​នោះ ​ពេលនេះ​ក៏​ស្រាប់​តែ​មាន​ការ​ចេញលិខិត​បដិសេធ​ពី​សាលាគណ​ខេត្តកណ្តាល។

មហាជន​ជាច្រើន​កំពុងតែ​ច្របូកច្របល់​លើ​ករណី​មួយ​នេះ​ដោយ​ចាត់ទុកថា​នេះ​ជា​ឆាកល្ខោន​ឬមួយ​យ៉ាងណា​បានជា​សង្ឃ​អង្គ​នេះ​ត្រូវបាន​ចាប់​ផ្សឹក​ឥឡូវ​ បែរ​ជាមាន​ការ​ចេញលិខិត​បដិសេធ​?​ ឬ​សង្ឃ​រូប​នេះ​ពាក់​ស្បែក​ខ្លា ​​ទើប​បានជា​អាច​បង្វែរ​ស្ថាន​ការ​គ្រប់ពេល​បែបនេះ ?។ យុត្តិធម៌​មាន​ទេ​សម្រាប់​ក្មេងស្រី​រងគ្រោះ​និង​វិន័យ​សាសនា ?។ បើ​ក្រសួង​ធម៌​ការពិតជា​បង្វែរ​សាច់រឿង​នេះ​មែន​តើ​នឹង​ធ្លាក់ចុះ​បែបណា ?​ នេះ​ជា​សំណួរ​របស់​មហាជន។

ផ្អែក​តាម​លិខិត​សាលា​គណ​ខេត្តកណ្តាល​ដែល​គេហទំព័រ​Kh Stars ទទួលបាន​នៅ​ព្រលប់​ថ្ងៃទី​១១ ខែមេសា នេះ​បាន​សរសេរ​បញ្ជាក់ថា ​មិនមាន​ករណី​ចាប់​ផ្សឹក​ភិក្ខុ លន់ សុវណ្ណ​ដា ឡើយ​។​ ចំណែក​ការផ្សាយ​ព័ត៌មាន​កាលពី​ថ្មីៗ​នេះ​ជា​រឿង​មិន​ពិត​នោះទេ។

ប្រភព​ដដែល​នេះ​បាន​បន្តថា​ ចំពោះ​ព័ត៌មាន​ដែល​ចុះផ្សាយ​កាលពី​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០១៨​ថា​ភិក្ខុ លន់ សុវណ្ណ​ដា គ្រូសូត្រស្ដាំ​នៅ​វត្ត​ស្វាយជ្រុំ​ត្រូវបាន​សាលា​គណ​ខេត្តកណ្តាល​ចាប់​ផ្សឹក​នោះ ​គឺ​គ្មានទេ នេះ​ជា​ព័ត៌មាន​ក្លែងបន្លំ​ការពិត​សុទ្ធសាធ​ ហើយ​សូមបញ្ជាក់ថា​គ្មាន​ការ​ផ្សឹក​សង្ឃ លន់ សុវណ្ណ​ដា ឡើយ​។​

សាលា​គណ​ខេត្តកណ្តាល​ បាន​កំពុង​សិក្សា​អំពី​បញ្ហា​ទាំងអស់​នេះហើយ​និង​មានការ​ដោះស្រាយ​មួយ​នៅពេល​ខាងមុខ​ដ៏​ខ្លី​។​ដូច្នេះ​សូម​មហាជន​ជ្រាប​ជា​ព័ត៌មាន​។​

សូមបញ្ជាក់ថា ករណី​ផ្ទុះ​រឿងរ៉ាវ​ដ៏​រសើប​ចំពោះ​សង្ឃ​១​អង្គរ​ខាងលើ ដែល​កំពុង​ប្រព្រឹត្ត និង​ធ្វើ​ខុសពី​វិន័យ​សាសនា​នោះ កាលពី​ថ្មីៗ​មកនេះ បានធ្វើ​មាន​ភាព​ចម្រូងចម្រាស បន្ទាប់ពី​ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ ព្រម​នឹង​ប្រជាពលរដ្ឋ​ជាច្រើន​បាន​លើកគ្នា​ទៅ​តវ៉ា​ជា​ច្រើនសា​មកហើយ​នៅ​វត្ត​មួយ​នេះ​។ ប៉ុន្តែ​ការតវ៉ា​ដើម្បី​សុំ​ការបកស្រាយ និង​យុត្តិធម៌​នេះដែរ ជារឿយៗ​ត្រូវបាន រារាំង​ពីស​ង្ឃ​អង្គរ​រូបនេះ។

ជាក់ស្ដែង​កាលពី​ថ្ងៃទី​០៨​ខែមេសា ឆ្នាំ​២០១៨ ក៏មាន​ប្រជាពលរដ្ឋ និង​គ្រួសារ​ក្មេងស្រី​រងគ្រោះ នាំគ្នា​ទៅ​តវ៉ា​ដើម្បី​ឲ្យ​ព្រះសង្ឃ​រូបនេះ​ទទួលខុសត្រូវ​របស់​ទ​ង្វើ​ខ្លួន​ផងដែរ​។ តែ​ជា​លទ្ធផល​ត្រូវ​បានដាក់​សមត្ថកិច្ច​ជាច្រើន​នាក់​បិទផ្លូវ​តវ៉ា​របស់​ពួកគាត់។

ប្រភព​បាន​និយាយថា សង្ឃ លន់ សុវណ្ណ​ដា តែងតែ​គេច​ពី​ការសម្ភាសន៍ និង​បកស្រាយ​ការពិត​ពី​ក្រុម​អ្នកសារព័ត៌មាន​គិត​មកទល់​ដល់ពេលនេះ​មាន​រយៈពេល​៤​ឬ​៥​លើក​មកហើយ​។ ម្យ៉ាងទៀត​ព្រះសង្ឃ​រូបនេះ បាន​ប្រព្រឹត្ត​ទង្វើ​រំលោភ​ក្មេងស្រី​រងគ្រោះ​តាំងតែ​ពី​អាយុ​១៥ ឆ្នាំ​ហើយ​បង្ខំ​ឲ្យ​រំលូតកូន​ប្រមាណ​ជា​២​ដង​រួចមកហើយ។ ក្មេងស្រី​រងគ្រោះ​គិត​មកទល់​ឥឡូវនេះ​មាន​អាយុ​១៩​ឆ្នាំ​ហើយ៕



Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme