អាន​សារ​នេះ​ហើយ​មន្ត្រី​ប្រចាំ​នៅ​​តំបន់​ប្រវត្តិសាស្ត្រ​ខ្មែរ​អាច​ភ្លឺភ្នែក​, យឹម តា​ស្រង់ លេង​ចំៗ​តែ​ម្តង

ភ្នំពេញ​ ៖ ​អ្នកនិពន្ធ​របស់​ផលិតកម្ម​ថោ​ន​លោក យឹម តា​ស្រង់ បាន​ចេញមុខ​ពន្លះ​​​​​មន្ត្រី​នៅ​តំបន់​ប្រវត្តិសាស្ត្រ​ខ្មែរ​ ដែល​តែងតែ​បង្ក​ការលំបាក​ពាក់ព័ន្ធ​នឹង​ការស្នើ​​សុំ​ថត​ឬ​សម្តែង​សាច់រឿង​ខារ៉ាអូខេ​នៅតាម​តំបន់​ប្រវត្តិសាស្ត្រ​មួយចំនួន​ដូចជា​ប្រាសាទអង្គរវត្ត​ជាដើម​។​ មិនតែប៉ុណ្ណោះ​លោក​ក៏បាន​ភ្ជាប់​ជាមួយ​ការប្រៀបធៀប​រវាង​ខ្មែរ​និង​ថៃ​ផងដែរ។

លោក យឹម តា​ស្រង់ បាន​រៀបរាប់​ដោយ​ប្រៀបធៀប​ថា ថៃ​នៅតែ​ឆ្លាត​ជាង​ខ្មែរ​ក្នុង​រឿង​ដែល​ចំណេញ​ដល់​ជាតិ​ដល់​ខ្មែរ​អន់​ជាង​ថៃ​ត្រង់​ស្រឡាញ់​ជាតិ​មានតែ​មាត់ ថត​នៅ​អង្គរវត្ត​នឹង​តាម​ប្រាសាទ​នានា​ម្តងៗ​វេទនាណាស់​វា​ទុក​អង្គរវត្ត​នឹង​ប្រាសាទ​នានា​ដូច​របស់​ម៉ែ​វា​ចែក​អោយ​អញ្ចឹង​។ កាលពី​ឆ្នាំ​២០១២​ខ្ញុំ​បានដាក់​ពាក្យសុំ​ថត​នៅ​ប្រាសាទ​នា​ខេត្ត​សៀមរាប ចម្លើយ​បានមក​វិញ​គេ​សួរ​ខ្ញុំ​ថាអោយ​លុយ​ប៉ុន្មាន​?​គាត់​ថា​ព្រោះ​កាល​មុន​បរទេស​មកសុំ​ថត​គេ​អោយ​រាប់ម៉ឺន​ដុល្លារ​ខ្ញុំ​ក៏​ជេរ​នៅក្នុង​ចិត្ត​( រាប់ម៉ឺន​យក​ពី​ម៉ែ​ហែង​ទៅ ថត​ខារ៉ាអូខេ​សោះ​អា៎​) នេះ​បាន​គេ​ហៅថា តូច​ស៊ី​តាម​តូច ធំ​ស៊ី​តាម​ធំ។

កវីនិពន្ធ​លោក យឹម តា​ស្រង់ បន្តថា ​ពេលនោះ​ដោយ​គេ​ទា​ថ្លៃ​ពេក​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ខ្ញុំ​ក៏​សម្រេចចិត្ត​នាំ​ក្រុមការងារ​ទៅ​លួច​ថត​នៅ​ប្រាសាទ​មួយ​រាង​ស្ងាត់​ចម្ងាយ​រាង​ឆ្ងាយ​បន្តិច​ពី​អង្គរធំ​(​ដោយ​ខ្លឹមសារ​នៃ​សាច់រឿង​ថត​នោះ​គឺ​គ្រាន់តែ​សាច់រឿង​ដើរលេង​ធម្មតា​តែប៉ុណ្ណោះ )។ គ្រាន់តែ​ទាញ​កាមេរ៉ា​ដាក់​Lock លើ​ជើង​មិនទាន់បាន​ថត​ផង​ស្រាប់តែ​ក្រុមមន្ត្រី​ដែល​នៅ​យាម​ប្រសាទ​នោះ​នាំគ្នា​មកឃាត់ ហើយ​ប្រាប់ថា​អត់អោយ​ថត​ដាច់ខាត ខ្ញុំ​ក៏​សួរ​ហេតុ​អី​អត់អោយ​ថត​? គាត់​ក៏​ឆ្លើយថា​កាលណា​ខ្ញុំ​ថត​បែបនេះ​រូបភាព​ប្រាសាទ​និង​បែក​ឃើញ​តាម​អ៊ី​ន​ធឺ​ណេ​ត​ច្រើន​ដូច្នេះ​ធ្វើអោយ​បាត់​ភ្ញៀវ​ទេសចរណ៍​លែង​ចង់​មក​មើល​ផ្ទាល់​គឺ​មើល​តែ​តាម​អ៊ី​ន​ធឺ​ណេ​ត។

លោក យឹម តា​ស្រង់ បញ្ជាក់ថា ខ្ញុំ​ឮ​បែបនេះ​ក៏​សួរ​ទៀត ចុះ​ភ្ញៀវ​បរទេស​ដែល​កំពុង​ដើរ​នោះ​កាន់កា​ម៉េ​រ៉ា នឹង​ឡេ​ន​កា​ម៉េ​រ៉ា​ទំនើប​ជាង​ពួក​ខ្ញុំ​ទៀត​ឈរ​ថត​សេរី​ហេតុ​អី​មិន​ឃាត់​? គាត់​ក៏​ឆ្លើយថា​អត់​ដឹង​ទេ ហើយក៏​ប្រាប់​ខ្ញុំ​ថា​មិញ​គាត់​តេ​ទៅ​មេ​គាត់​អា​ឡូ​វ​មេ​គាត់​មកហើយ​អោយ​ខ្ញុំ​ដើរទៅ​ជួប​បន្តិច ពេលនោះ​ខ្ញុំ​ក៏​ដើរទៅ​ជួប​ក៏​ឃើញ​មេនោះ​បើកឡាន​មកដល់​ល្មម​ដែល​ឡាន​គាត់​ជិះ​ម៉ាក​កូរ៉ូឡា​អា​តទី​ស ខ្ញុំ​ក៏​ជំរាបសួរ​គាត់​និយាយ​អំពី​ការសុំ​ថត គាត់​ក៏​ឆ្លើយថា​ថ្នាក់លើ​ហាម​ដាច់ខាត​មិនអោយ​ថត​ទេ​ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរណ៍​តែ​បងអាច​សម្រួល​អោយបាន​បើ​ចង់​ថត​តែ​អោយតែ​២០​នាទី​ទេ ខ្ញុំ​ក៏​ថា អរគុណ​ពូ​។​
កវីនិពន្ធ​លោក យឹម តា​ស្រង់ និយាយទៀតថា​គាត់​ក៏​បន្តទៀតថា​ការសម្រួល​នេះ​សុំអោយ​ខ្ញុំ​ជួយ​អោយ​ពួកគាត់​ជា​លុយ​១២០​ដុល្លា​ដើម្បី​ជាការ​ជួយ​នេះ ខ្ញុំ​គិតក្នុងចិត្ត​ប្លង់​ហ្នឹង​ត្រូវការ​ចាំបាច់​ហើយក៏​តប​ចេតនា​ចង់​សម្រួល​តម្លៃ​ថា​៖ ពូ​! ឥឡូវ​ចេះ​ចុះ​ខ្ញុំ​មានតែ​៥០​សិប​ដុល្លា​ទេ​ជូន​ពូ ព្រោះ​បើ​ពូ​យក​ច្រើនពេក​វា​លើស​ចំណាយ​ក្រុមហ៊ុន គាត់​ក៏​ក្រវីក្បាល​ថា​អត់​ទេ​ដាច់​ប៉ុណ្ណឹង​ហើយ ដល់​ចឹ​ង​ខ្ញុំ​ក៏​ថា​អត់​អី​ទេ​ចឹ​ង​ខ្ញុំ​អត់​ថត​ទេ ដើរ​បាន​បន្តិច​គាត់​ក៏​ហៅថា​អា​ឡូ​វ​ចេះ​ចុះ​អោយ ១០០​ដុល្លា​បាន​ហើយ​រួច​ថត​ទៅ ខ្ញុំ​ក៏​ងាក​ដើរ​ទៅវិញ​ព្រោះ​នឹកឃើញ​ចង់​សួរ​គាត់​មួយ​សំនួរ​វិញ​ដែរ។

ខ្ញុំ​ក៏​ថា​ពូ​អើយ​មានតែ​៥០​សិប​ដុល្លា​ទេ​អោយ​ពូ គាត់​ក៏​ឆ្លើយថា​អត់​បានទេ ពេលនោះ​ខ្ញុំ​ក៏​សួរ​នូវ​សំនួ​រថា ពូ​!​ខ្ញុំ​ឮ​អា​អូន​នោះ​ថា​ការហាម​ថត​ហ្នឹង​ព្រោះ​ខ្លាច​បែក​រូប​ប្រាសាទ​ក្នុង​Internet ធ្វើអោយ​បាត់​ភ្ញៀវ​ទេសចរណ៍​ព្រោះ​គេ​មើល​តាម​Internet​ហើយ​គេ​នឹង​លែង​ចង់​មក​មើល​ផ្ទាល់ គាត់​ក៏​ថា​មែនហើយ ខ្ញុំ​ឮ​អញ្ចឹង​ក៏​សួរ​ទៀត តែ​ខ្ញុំ​ឃើញ​រូបភាព​មាន​ពេញ​Internet​ហើយ​ហ្នឹង គាត់​ក៏​ថា​បន្តិចទៀត​ក្រសួង​នឹងមាន​វិធានការ​ទប់ស្កាត់ ខ្ញុំ​ឮ​អញ្ចឹង​ក៏​សួរ​បន្ថែមទៀត ទប់​យ៉ាងម៉េច​ខ្ញុំ​ឃើញ​ភ្ញៀវ​បរទេស​កាន់​កាំ​មេ​រ៉ា​វា​ថត​ចង់​ទំនើបៗ​ជាង​ពួក​ខ្ញុំ​ថត​ចម្រៀង​ទៀត។

បន្ថែម​លើ​នេះ​លោក យឹម តា​ស្រង់ ថា គាត់​ឬក៏​ឆ្លើយថា​ចំពោះ​បញ្ហា​រឿង​ភ្ញៀវ​ទេសចរណ៍​យក​កាំ​មេ​រ៉ា​ចូល​ថត​ខាង​ពួកគាត់​កំពុង​ប្រជុំ​និង​មាន​វិធានការ​លុបបំបាត់​មិនអោយ​មាន​ម៉ាស៊ីន​ថត​ក្នុង​ប្រាសាទ​នៅពេល​ខាងមុខ ខ្ញុំ​លឺដូច្នេះ​ក៏​ឆ្លើយថា​សង្ឃឹម​អញ្ចឹង​ង​ចុះ​ពូ​។​អាន​ហត់​បន្តិច​ហើយ​តែ​ហេតុផល​ព្រោះ​ខ្ញុំ​ចង់​បញ្ជាក់​អោយបាន​ច្បាស់​ខ្ញុំ​រិះគន់​តែ​រឿងរ៉ាវ​ដែល​ខ្ញុំ​បាន​ជួប​ផ្ទាល់​ទេ៕

 

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme