ទីបំផុត ​ឧកញ៉ា​ ហូ ចំរើន ត្រូវ​បាន​​ឃាត់ខ្លួន​ ក្រោយ​ផ្ទុះ​អាវុធ​កក្រើក​ព្រៃ​សកាលពីជិត១ខែមុន

ភ្នំពេញ ​៖ ​ទីបំផុត​ឧកញ៉ា​​ ហូ ចំរើន ដែល​បាន​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​កាលពី​ជាង​កន្លះ​ខែ​​មុន​នោះ​ ​​​ត្រូវ​បាន​សមត្ថកិច្ច​នៃ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​ហើយ។ នេះ​បើ​យោង​តាម​ការ​ទម្លាយ​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ជាតិ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ។

បើ​យោងតាម​ប្រភពពី​មន្ត្រី​ខាងលើ​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ដ៏​ល្បី​មួយ​ថា ​ពេលនេះ​លោក​ឧកញ៉ា​ហូ ចំរើន​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​ហើយ​ពាក់ព័ន្ធ​ករណី​នៃ​ការ​ផ្ទុះអាវុធ​ប្រមាណ​៧​គ្រាប់​កាលពី​កន្លងទៅ​ថ្មីៗ​នេះ​។ ករណី​នោះ​បាន​ផ្ទុះឡើង​នៅក្នុង​ផ្ទះ​វិឡារ​មួយកន្លែង ស្ថិតនៅ​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ប្រភព​ដដែល​នេះ​បានបញ្ជាក់​ទៀតថា ​លោក​ឧកញ៉ា ហូ ចំរើន បច្ចុប្បន្នកំពុង​ស្ថិតនៅ​ក្នុង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​កំពុង​រៀប​ចំ​ឯកសារ​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។

គេ​ចាំបាន​ថា​ កាលពី​រសៀល​ថ្ងៃទី​២១​ខែមេសា ឆ្នាំ​២០១៨​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច បន្ទាប់ពី​ឧត្ដមសេនីយ៍​ឧកញ៉ា ហូ ចំរើន បាន​ផ្ទុះអាវុធ​គំរាម​ឪពុក​ម្ដាយក្មេក និង​ប្រពន្ធ​យ៉ាង​កក្រើក​សង្កាត់​ព្រៃ​ស។ ប៉ុន្តែ​ភ្លាមៗ​នោះ​ពុំ​ត្រូវបាន​សមត្ថកិច្ច​ណា​ឃាត់ខ្លួន​មក​សួរនាំ​នោះ​ទេ។

អំពើ​បាញ់បោះ​បង្ក​ឲ្យ​មាន​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ និង​ជាការ​បំភិតបំភ័យ​ក្នុង​ចេតនា​គំរាម​ឪពុក​ម្ដាយក្មេក និង​ប្រពន្ធ​ពី​សំណាក់​លោក​ឧកញ៉ា ហូ ចំរើន ដែល​ត្រូវបាន​គេ​ដឹងថា ក៏មាន​ឋានៈ​ជា​នាយទាហានជាន់ខ្ពស់​ផង​នោះ ត្រូវបាន​មជ្ឈដ្ឋាន​មហា​ជន​ជាច្រើន​រង់ចាំ​មើល​ចំណាត់ការ​ពី​មន្ត្រី​សមត្ថកិច្ច​លើ​ករណីនេះ​។ ខណៈ​មានការ​រិះគន់​ផងដែរ​ បន្ទាប់​ការផ្ទុះអាវុធ​ភ្លាមៗ​មិន​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​លោក ហូ ចំរើន មក​កាត់ទោស។

សូមបញ្ជាក់ថា​ករណីរ​បស់​ឧកញ៉ា ហូ ចំរើន គឺ​មិន​ខុសគ្នា​នឹង​រឿងរ៉ាវ​របស់​ក្មួយប្រុស​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ជា នោះទេ ​ពោលគឺ​បាន​ផ្ទុះអាវុធ​កក្រើក​ដូចគ្នា​។​ប៉ុន្តែ​ជា​ចំណាត់ការ​លោក ហ៊ុន ជា ក្រោយពី​ផ្ទុះអាវុធ​ភ្លាមៗ​នោះ ​ក៏​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ឲ្យ​ឃាត់ខ្លួន​និង​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​ភ្លាមៗ​តែម្តង។ ចំណែក​ករណី​លោក ហូ ចំរើន ទាល់​តែ​មាន​ការរិះគន់​ពី​មហាជន​និង​អូស​បន្លាយ​ពេល​អស់​ជិត​១​ខែ​ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​លើ​ករណី​ផ្ទុះអាវុធ​បង្ក​ការ​ភ័យ​ខ្លាំង​ដល់​ក្រុមគ្រួសារ​និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​របស់ខ្លួន៕



Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme