កំពុង​រសើប! ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង​​បំភ្លឺ​ ​ផែង ​វណ្ណៈ ​វ៉ៃ​បក​វិញ​ប្រាវ ​​មាន​អ្នក​គាំទ្រ ​មាន​អ្នក​ប្រឆាំង

ភ្នំពេញ​ ៖ ​ថ្មីៗ​នេះ​ មានការ​ចែករំលែក​ជា​​បន្តបន្ទាប់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ក្រោយពេល​មាន​ការ​ផ្សព្វផ្សាយ​លើ​ករណី​ស្ត្រី​ម្នាក់​ឈឺពោះ​ឆ្លង​ទន្លេ​​ ​​ ​ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​បង្អែក​បរិបូណ៌។ ប៉ុន្តែ​នៅ​ពេល​ទៅដល់​ ​​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា ​កូន​ក្នុង​ផ្ទៃ​កើតមក​ដោយ​លំបាក ទើប​បង្វែរ​ឲ្យ​ទៅ​មន្ទីរពេទ្យ​ខេត្ត​វិញ​ ​ជាមួយ​នឹង​ការ​បង្ខំ​ទារ​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល ​ទើប​ឱ្យ​រថយន្ត​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូរណ៍​ដឹក​ទៅ ​បើ​មិន​ដូច្នេះ​ទេ ​រក​ម៉ូតូ​កង់​៣​ជិះ​ទៅ។

ករណី​នេះ ​បាន​ធ្វើ​ឲ្យ​មហាជន ​​ ​ផ្ទុះ​ប្រតិកម្ម​រិះគន់​ឥត​សំចៃ​ទៅ​លើ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូណ៌ ​ដែល​មើល​ឃើញ​តែ​លុយ ​មិន​គិត​ដល់​អាយុ​ជីវិត​ម្ដាយ​ និង​កូន​ក្នុង​ផ្ទៃ​​ ​ដោយ​សុខចិត្ត​​ឲ្យ​គ្នា​ជិះ​ម៉ូតូ​កង់​៣​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​នោះ។

ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង ​បាន​ចេញ​សេចក្ដី​បំភ្លឺ​មួយ​ចុះ​ថ្ងៃ ​ទី​១៦ ​ខែ​ឧសភា ឆ្នាំ​២០១៨ ​ដោយ​បញ្ជាក់​ថា នៅ​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៨ ឈ្មោះ​ភឹម គឹម​យី អាយុ​២១​ឆ្នាំ មកពី​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ បាន​ទៅ​ពិគ្រោះ​បញ្ហា​សុខភាព​នៅ​បន្ទប់​ព្យាបាល​ជំងឺ​ឯកជន​១​កន្លែង ដោយ​ឃើញ​ថា​ស្ត្រី​មាន​ផ្ទៃពោះ ហើយ​មាន​ទឹកភ្លោះ​តិច​, គ្រូពេទ្យ​ណែនាំ​ឲ្យ​ស្ត្រី​ទៅ​មន្ទីរពេទ្យបង្អែក​បរិបូណ៌​។

នៅ​មន្ទីរពេទ្យ​បង្អែក​បរិបូណ៌ វេលា​ម៉ោង​ប្រមាណ​៤​ទៅ​៤​និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៨ ឆ្មប​បាន​ពិនិត្យឃើញថា ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ តែ​ពុំទាន់​មាន​សញ្ញា​នៃ​ការ​ឈឺពោះ​សម្រាល​នៅឡើយ ការ​លូក​ស្ទាប​ទ្វារមាស​ឃើញ​មាត់​ស្បូន​ពុំទាន់​បើក តាម​លទ្ធផល​អេកូ​សាស្ត្រ ស្ត្រី​ផ្ទៃពោះ​មាន​ទឹកភ្លោះ​តិច​។ ពេល​ជួប​ករណី​ដូចនេះ ឆ្មប​បាន​ណែនាំ ឲ្យ​ស្ត្រី​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​ងាយស្រួល​អន្តរាគមន៍ ពេល​មាន​បញ្ហា​ជាយថាហេតុ​កើតឡើង​។​

សេចក្ដី​បំភ្លឺ​នោះ ​បាន​បញ្ជាក់​ទៀត​ថា ដោយ​ក្នុងពេលនោះ បុគ្គលិក​ឆ្មប​បានផ្ដល់​ព័ត៌មាន​ពី​សេវា​បញ្ជូន​របស់​មន្ទីរ​ពេទ្យ​តាម​តម្លៃ​សេវា​ហិរញ្ញប្បទាន ប៉ុន្តែ​ខណៈពេល​នោះ ស្ត្រី និង​ម្ដាយ​បាន​ចាកចេញ​ទៅរក​មធ្យោបាយ​ដោយ​ខ្លួនឯង ដោយ​ពុំបាន​ពិភាក្សា​អ្វី​ឡើយ​។ ប៉ុន្តែ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​អាជ្ញាធរ និង​អ្នកសារព័ត៌មាន​ភ្លាមៗ​នោះ​ថា​ស្ត្រី​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដោយ​ជិះ​ម៉ូតូ​កង់​បី​, មន្ទីរពេទ្យបង្អែក​បរិ​បូ​ណ៌​ក៏បាន​ចាត់ចែង​រថយន្ត​គិលានសង្គ្រោះ​បញ្ជូន​ស្ត្រី​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត ដោយ​ពុំមាន​បង់ប្រាក់​ឡើយ​។​

នៅ​ក្នុង​សេចក្ដី​បំភ្លឺ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង​ ​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា ​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ត្រី​ឈ្មោះ​ភឹម គឹម​យី សម្រាល​បាន​កូន​ប្រុស​មួយ និង​ម្ដាយ​មាន​សុខភាព កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង។

ទោះ​ជា​មាន​ការ​បកស្រាយ​បែបនេះក្ដី ​ ​​ក៏​លោក ផែង វណ្ណៈ បាន​ប្រតិកម្ម​ និង​មើល​ឃើញ​ថា ​សេចក្ដី​បំភ្លឺ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង សរុប​ខ្លឹមសារ គឺ​មិន​ទទួលស្គាល់​ចំណុច​ខ្វះខាត​របស់​បុគ្គលិក​ពេទ្យ​ខ្លួនឯង​ដដែល។ មិនបាច់​បំភ្លឺ​ល្អ​ជាង​ បើ​មិន​ហ៊ាន​ទទួលស្គាល់​កំហុស​ឆ្គង​កូនចៅ​ឯង។

ខម​មិន​ក្រោម​ការ​រិះគន់​របស់​លោក​ផែង វណ្ណៈ ​ម្ចាស់​អាខោន​ម្នាក់​ បាន​ឆ្លើយ​តប​ថា «បន្ទោស​តែ​ពេទ្យ​ក៏​មិន​គ្រប់គ្រាន់​ដែរ​,​ រថយន្ត​សង្គ្រោះ​ត្រូវ​ថ្លៃ​សេវា​ចឹ​ង​ហើយ តែ​បើ​គាត់​អត់​ប្រាក់​ក៏​អាច​ពិភាក្សា​ជាមួយ​គណៈកម្មការ​ហិរញ្ញប្បទាន​បាន មិនមែន​ដើរ​ចេញ​ដោយ​គ្មាន​ផ្ដល់​ដំណឹង​ដល់​មន្ទីរពេទ្យ​ចឹ​ង​ទេ​, ​រថយន្ត​សង្គ្រោះ​ក៏​មានការ​លើកលែង​បង់ថ្លៃ​ដែរ អោយ​តែ​គាត់​ហាមាត់​សុំ​បន្តិច​ទៅ​បាន​ហើយ​, ហើយ​អា​អ្នក​cm​វ៉ៃ​ប្រហារ​ពេទ្យ​នឹង​មានបាន​ជួយ​អ្វី​កើត​ដល់​ស្ត្រី​ភឹម ​គឹមយី​ខ្លះ​ទេ​? ឬ​ក៏​បានតែ​ឃើញ​អាចម៍​ភ្នែក​ពេទ្យ ភ្លេច​ឆ្លុះកញ្ចក់​មើល​ពពឹក​ភ្នែក​ខ្លួនឯង​ទេ​ដឹង»។

ដោយ​ឃើញ​ការ​វ៉ៃ​បក​ទៅ​អ្នក​រិះគន់​បែប​នេះ ​ម្ចាស់​អាខោន​ម្នាក់​ទៀត ​បាន​តប​វិញ​ថា «អា​អ្នក ​comment ហ្នឹង អាច​ជួយ​ឲ្យ​អា​ពេទ្យ​តិរច្ឆាន​ខ្លះ​ភ្ញាក់​ខ្លួន​ខ្លះៗ​ដែរ ​ប្រយ័ត្ន​គេ​ចាប់​ដាក់​គុក​ (រឿង​ហ្នឹង​អាច​ជាប់​ដល់​០៥ឆ្នាំ) តាំង​និយាយ​ថា​ អត់​ដឹង​អី! ហើយ​នីតិវិធី​ស្អី​ខ្លះ ចាំ​ឲ្យ​មនុស្ស​ជិត​ស្លាប់​អង្វរ​ឬ?? មាន​សតិសម្បជញ្ញៈ​ខ្លះទេ ពេល​មនុស្ស​ជិត​ស្លាប់​ហើយ នៅ​ទារ​លុយ​សិន​ ហើយ​ឲ្យ​ចេញ​ទៅ​ប្រឈម​នឹង​សេចក្ដីស្លាប់? នេះ​ជា​ករណី​ជីវិត​មនុស្ស​ពីរ​នាក់​ម្ដាយ-កូន មាន​ខួរ​ក្បាល​គិត​ខ្លះ​ទេ​ អាពេទ្យ​តិរច្ឆាន​ទារ​លុយ​ដប់​ម៉ឺន​រៀល​ហ្នឹង? មែន​ទែន​ទៅ គួរ​ចាប់​ដាក់​គុក ហើយ​ធ្វើ​សន្និសីទកាសែត​ទៀត បាន​សម​នឹង​ទង្វើ​ ឲ្យ​ពេទ្យ​ទូទាំង​ប្រទេស​មើល-ពិចារណា ជា​គំរូ»។

សូម​បញ្ជាក់​ថា​ មុន​នេះ​ មាន​ព័ត៌មាន​ក្នុងស្រុក​ បាន​សរសេរ​ចុះផ្សាយ​ពី​ករណី ​ដែល​ស្ត្រី​ម្នាក់ ​​​បាន​ឈឺពោះ​ឆ្លងទន្លេ​ ហើយ​ត្រូវ​បាន​ប្ដី​ដឹក​ទៅ​កាន់​មណ្ឌល​សុខភាព​ស្រុក​បរិបូណ៌ ប៉ុន្តែ​ត្រូវ​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា កូន​ក្នុង​ផ្ទៃ​កើតមក​ដោយ​លំបាក​ត្រូវ​តែ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង។ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បង្ខំ​ទារ​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល ​ទើប​ឱ្យ​រថយន្ត​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូរណ៍​ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង ហើយ​បើ​គ្មាន​ប្រាក់​ប៉ុណ្ណឹង​ទេ​រក​ម៉ូតូ ឬ​ម៉ូតូ​កង់​បី​(​តុ​តុ​) ជិះ​ទៅ៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme