G-Devith ថា​៤​ឬ​៥​ឆ្នាំ ​បើ​ផែន​ការមិន​ជោគជ័យ​ នឹង​ឈប់​ពី​សិល្បៈ​ផឹក​តែ ​អាន​កាសែត​ពីរ​នាក់ ទេព បូ​ព្រឹក្ស

Spread the love

ភ្នំពេញ ​៖ ​តារាចម្រៀង​រ៉េ​បលោក ងួន ចាន់​ដេ​វី​យ ឬ G-Devith បន្ទាប់ពី​ផ្ទុះ​ជម្លោះ​ជាមួយ​អាចារ្យ យ៉ាង​ចាស់ដៃ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​សារព័ត៌មាន​ក្នុងស្រុក​ហើយ​នោះ ​ពេលនេះ​ក៏​ស្រាប់តែ​បញ្ចេញ​សារ​វែង​អន្លាយ​មួយ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ស្ទើ​រគ្រប់គ្នា​ ដោយ​ក្នុង​នោះ​លោក​បាន​បង្កប់ន័យ​ចំនួន​ពីរ​ផងដែរ​។​

ចំពោះ​អត្ថន័យ​ចំនួន​ពីរ​ដែល​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​នោះ​គឺ G-Devith ប្រកាសថា បើ​ផែន​ការមិន​ជោគជ័យ​៤​ឬ​៥​ឆ្នាំ​ខ្ញុំ​នឹង​សម្រាក​ពី​សិល្បៈ​ផឹក​តែ​អាន​កាសែត​និង​មួយវិញទៀត​នោះ​គឺ​លោក​ទុក​ឱកាស​បុគ្គល​ដែលមាន​បញ្ហា​ជាមួយ​ខ្លួន​ដើម្បី​ពិចារណា​កំហុស​និង​បញ្ឈប់​រាល់​ទង្វើ​ជេរប្រមាថ​អ្នក​ដែល​គ្មាន​កំហុស​ ហើយ​សូមទោស​ខ្ញុំ​ជា​សាធារណៈ​ដើម្បី​កិត្តិយស​ខ្លួន​និង​ជាពិសេស​ដើម្បី​ទឹកចិត្ត​មហាជន​ទាំងមូល​។​

តារាចម្រៀង​លោក G-Devith បាន​រៀបរាប់​នៅក្នុង​សំណេរ​សរសេរ​បង្កប់ន័យ​ថា ​ខ្ញុំ​សូម​អរគុណ​ដល់​អ្នកគាំទ្រ និង មហាជន​ទាំងអស់គ្នា​ដែល​ផ្តល់នូវ​ភាពកក់ក្តៅ​ និង​លើកទឹកចិត្ត​ដល់​ខ្ញុំ​ក្នុងនាម​ខ្ញុំ​ជា​អ្នកសិល្បៈ​ក្រៅ​រង្វង់​ម្នាក់​ដែល​សំបូរ​ទៅដោយ​ព្យុះភ្លៀង និង ឧបសគ្គ​រាប់សិប​ដង​ក្នុង​មួយឆ្នាំ​តែ​ខ្ញុំ​មិនដែល​ចុះចាញ់​នឹង​រឿង​អស់​នោះឡើយ ​ខ្ញុំ​នៅតែ​ក្រោកឈរ សង្ឃឹមថា​រឿង​ដែល​បាន​កើតមាន​ដល់​ខ្ញុំ​ នឹង​ក្លាយទៅជា​បទពិសោធន៍​ជីវិត​នៃ​ការ​ជម្នះ​រាល់​ឧបសគ្គ​ដោយ​មោះមុត​និង​រក្សា​គោលជំហរ​ជាមួយនឹង​គោលដៅ​ជោគជ័យ​ដ៏​ច្បាស់លាស់ ។​

តារា​រ៉េ​ប G-Devith និយាយទៀតថា ​ហើយក៏​ខ្ញុំ​សង្ឃឹម​ទៀតថា បងប្អូន​ដែល​បាន​ជួប​រឿងរ៉ាវ​អាក្រក់​ដូចជា​ខ្ញុំ​ឬ​ខុសពី​ខ្ញុំ​ក៏ដោយ​ក៏​សូម​បងប្អូន​តស៊ូ​ដោយ​ឆន្ទៈ​នឹង​ភាព​អត់ធ្មត់​ជាទីបំផុត​ដើម្បី​ជម្នះ​ឧបសគ្គ​ចង្រៃ​ទាំងឡាយ។ ​ខ្ញុំ​ដឹងថា​ពេលវេលា​មួយ​នេះ​ វា​ពិបាក​ហើយក៏​តឹងទ្រូង​ជាពិសេស​ក៏​ជា​ពេលវេលា​មួយ​ដែល អមិត្ត ទាំងឡាយ​ក្តាប់​នូវ​¬​ឱកាស​ដើម្បី​ចំណេញ​ផលប្រយោជន៍​ ប៉ុន្តែ​ដោយ​កម្លាំង​មហាជន​និង​អ្នកគាំទ្រ​ជា​រនាំង​បាំង​អស់​នូវ​ចិត្តពាល​នៃ​អមិត្ត បន្ទាប់ពី​ខ្ញុំ​សម្រេចចិត្ត​ធ្វើជា​អ្នកសិល្បៈ​សម័យ​ដ៏​តែលតោល​និង​ឯកា​ម្នាក់​។​

លោក G-Devith បន្តថា ​ខ្ញុំ​គិតថា​វា​ជា​ពេលវេលា​ចុងក្រោយ​ដែល​ខ្ញុំ​តស៊ូ​លើ​វិថី​ដ៏​តូចចង្អៀត​មួយ​នេះ​តែ​គំនិត​នឹង​ឆន្ទៈ​ដែល​នាំ​សិល្បៈ​សម័យ​ឆ្ពោះទៅមុខ​ខ្ញុំ​នៅតែ​បន្តធ្វើ​ដោយហេតុ​ខ្ញុំ​គិតថា​បើសិនជា​បរទេស​ទ​ទួល​ស្គាល់​មួយ​គេ​និង​បន្ត​ស្វែងយល់​ពីអ្វី​ដែល​យើង​មាន​បន្ថែមទៀត​( វា​អាច​នឹង​កើតជា​ប្រយោជន៍​រួម ) ខ្ញុំ​ក៏​មិន​សល់​ពេលវេលា​ជា​យុវវ័យ​របស់ខ្ញុំ​យូរ​ទៀត​ដែរ​ប្រហែលជា​៤ ទៅ ៥ ឆ្នាំ​ទៀត​បើ​ផែន​ការមិន​ជោគជ័យ​ខ្ញុំ​នឹង​សម្រាក​ហើយដោយ​ធ្វើ​ជីវិត​ធម្មតា​អង្គុយ​ផឹក​តែ​អាន​កាសែត​ពីរ​នាក់​យាយ​តា​( តា វីត យាយ ព្រឹក្ស Tep Boprek )​ដោយ​ផ្តល់​បន្ត​ដល់​ក្មេងជំនាន់ក្រោយ​ដែលមាន​សមត្ថភាព ។​

លោក​និយាយទៀតថា​រឿង​ដែល​បានកើត​ឡើង​វា​នឹង​ក្លាយជា​អតីតកាល​និង​មេរៀន​ជីវិត​ដែល​មនុស្ស​មិនអាច​ជៀសផុត ប៉ុន្តែ​បើសិនជា​ល្បី​ដោយ​ការ​ជេរ​ប្រមាថ​អ្នក​ដ៏​ទៃ​ខ្ញុំ​មិនដែល​ប្រាថ្នា​ឡើយ កាន់តែ​មិន​ចង់​ឆ្លៀតឱកាស​ឬ​គេ​ហៅ​មួយ​ទៀតថា​យកមុខ ។ ​មនុស្ស​ប្រភេទ​ខ្លះ​គេ​ជួយ​យើង​នៅពេលដែល​យើង​ខ្សោយ​ឬ​នៅពេលដែល​យើង​ដួល​គឺ​ដោយ​ក្តី​អាណិត​ស្រលាញ់​ប៉ុន្តែ​មនុស្ស​ប្រភេទ​ខ្លះទៀត​គឺ​ដើម្បី​ប្រើប្រាស់​ផលប្រយោជន៍​សមស្រប​ណាមួយ​នៅពេល​ក្រោយ​ដោយ​លើកឡើងថា​គេ​ធ្លាប់ជួយ​យើង​មក​ធ្វើជា​គំនាប​ដោយ​មិន​រាប់បញ្ចូល​នូវ​អ្វីដែល​យើង​ធ្លាប់​សង​ឬ​ធ្វើ​ដើម្បី​នោះឡើយ ។​

តារាចម្រៀង G-Devith លើកឡើងថា ពេលវេលា​ជីវិត​ខិត​ទៅមុខ​បន្តិច​ម្តង​ដោយ​មិន​ខ្វល់​ពី​សកម្មភាព​របស់​យើង​ឡើយ ដូច្នោះ​ហើយ​សូម​ជ្រើសរើស​នឹងធ្វើ​អ្វីមួយ​ដែល​យើង​ចង់​ដែរ​យើង​ស្រលាញ់​ជ្រើសរើស​ផ្លូវ​ដើរ​ដោយ​ខ្លួនឯង​សម្រេច​ជោគវាសនា​ដោយ​ខ្លួនឯង​កុំ​ចាំ​គេ គេ​គិត​មិន​ដូច​យើង​គិត​ទេ ជ្រើស​យក​ផ្លូវ​មួយ​ដែល​អាច​សម្រួល​អារម្មណ៍​នៃ​ចិត្តបុណ្យ​របស់​យើង​និង​អ្នក​ដ៏​ទៃ កុំ​ដើម្បី​អស្ចារ្យ​ប្រាថ្នា​អោយគេ​ឈឺចាប់ ។ រាល់​ការប្រមាថ​ពូជពង្សវង្សត្រកូល​វា​ជាការ​ឈឺចាប់​សម្រាប់​មនុ​ស្ស​គ្រប់គ្នា​នឹង​ជា​រឿង​ដែល​ពិបាក​ទទួលយក ខ្ញុំ​ធ្លាប់បាន​មើល​ភាពយន្ត super hero ក្នុង​រឿង​មួយណា​ក៏ដោយ​ក៏​តួអង្គ​ពលី​ដើម្បី​យក​សេចក្តី​ល្អ​សុខចិត្ត​ស្លាប់​ខ្លួន​ក៏​មិនអោយ​អ្នកដទៃ​រងគ្រោះ ផ្ទុយ​ពី​super hero ក្រៅ​ឆាក​ហែក​មាត់​សំ​យ៉ាក​ជេរ​ជន​ប្រុស​ស្រី​ដោយ​មិនបាន​គិតថា​ខ្លួន​ជា​អ្វី​ក្រោម​មេឃ​លើដី​គឺមាន​តែ​អញ ។​

តារា​រ៉េ​ប G-Devith បញ្ជាក់​បន្ថែមថា ឆ្អឹង​ដែក​ស្បែក​ស្ពាន់​អាគម​យុទ្ធ​ភ័​ណ្ឌ​មកពី​ដូនតា លោក​គង់​លោក​នៅ​ជាមួយ​ជន​ណា ដែលមាន​ប្រាជ្ញា​និង​សច្ចៈ​ធម៌ លោក​មិន​គង់​ទេ​មនុស្ស​ហែក​មាត់​ជេរ​ពូជ​ពង្សាវតារ គង់តែ​ថ្ងៃមួយ​លោក​នឹង​បរា​ចំពោះ​ជន​ណា​លេងសើច​នឹង​លោក​។ សំណេរ​នេះ​សម្រាប់​បងប្អូន​អាន​លេង​កំសាន្ត​អារម្មណ៍​ដោយ​ក្តី​រីករាយ​។​សម្រាប់​រឿង​អ្នក​ជេរ​ប្រមាថ​ខ្ញុំ​នឹង​នៅ​ស្ងៀម​សិន​ទុក​ឱកាស​អោយ​អ្នក​ពិចារណា​កំហុស​បញ្ឈប់​រាល់​ទង្វើរ​ជេរប្រមាថ​អ្នក​ដែល​គ្មាន​កំហុស​ហើយ​សូមទោស​ខ្ញុំ​ជា​សាធារណៈ​ដើម្បី​កិត្តិយស​ខ្ញុំ​និង​ជាពិសេស​ដើម្បី​ទឹកចិត្ត​មហាជន​ទាំងមូល​៕​

   

Facebook Comments

អត្ថបទទាក់ទង